Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 28, 2019

ប្រាសាទបាយ័ន


ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ
មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​យក​គំនិត​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន​កសាង​នៅ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ​យោបល់​ប្រៀប​ធៀប​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន​សរសេរ​ឡើង​នៅ​ក្នុង​សម័យ​កណ្តាល គឺ​ព្រះ​ឥន្ទ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង​ប្រាសាទ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក​ដល់​វាំង​របស់​ព្រះ​អង្គ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី​ការ​ធ្វើ​ឡើង​វិញ​ជា​ច្រើន និង​ការ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។

គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ ស្ថិត​នៅ​ក្នុង​ឥរិយាបថសមាធិ នៅ​បាត​អណ្តូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ ១៩៣២ ។ ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​នេះ បង្អាញ​ឲ្យ​យើង​ដឹង​នូវ​ផ្នត់​គំនិត​នយោបាយ​នា​សម័យ​ព្រះ​បាទ​ជយវរ្ម័នទី ៧ កាល​ពី​ចុង​គ្រិស្តសតវត្សរ៍ទី១២ ដើម​គ្រិស្តសតវត្សរ៍​ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នក​ឯកទេស​ខាង​វប្បធម៌‌​ប្រវត្តិសាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​នយោបាយ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ នា​សតវត្សរ៍​នោះ ចម្លាក់​ថ្ម​បុរាណ​នេះ​នៅ​មាន​សារៈ​សំខាន់​មួយ​ទៀត គឺ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​លទ្ធិ​ទេវរាជ​មក​លទ្ធិ​ពុទ្ធរាជ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ។ ពី​ព្រោះ​ថា​ បល្ល័ង្ក ឬ​ព្រះ​អាទិទេព​ខាង​ព្រហ្មញ្ញសាសនា ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ ឬ​ព្រះ​អវលោកេស្វរៈ​ទៅ​វិញ ដូច​ករណីច​ម្លាក់​ព្រះ​ពុទ្ធ​អង្គ​ខាង​លើ​នេះ ជាដើម ។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សាសនា​ខាង​លើ​នេះ អាច​គូស​បញ្ជាក់​តាម​រយៈ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ ដែល​តំណាង​ឲ្យ​ព្រះ​រូប​របស់​ព្រះ​មហាវីរក្សត្រ គឺ​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ តែ​ម្តង នេះ​ជា​ចំណុច​យ៉ាង​សំខាន់​បំផុត ។ តាម​ការ​ស្រាវ​ជ្រាវ​ខាង​បុរាណវិទ្យា និង ខាង​សិលាចារឹក លោក​សាស្រ្តាចារ្យ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ឆ្លាក់​ព្រះ​រូប​ព្រះ​មហាក្ស​ក្រោម​រូបភាព​របស់​ព្រះ​ពុទ្ធ ឬ​គេ​ថ្វាយ​ព្រះ​នាម​ព្រះ​មហាក្សត្រ​ទៅ​ជា​ព្រះ​ពុទ្ធរូប គឺ​ជា​ប្រពៃណី​ទូទៅ​ក្នុង​សង្គម​ខែ្មរ​បុរាណ ។ លោក​ ត្រាណេ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ពុទ្ធអង្គ​នៃ​ប្រាសាទ​បាយ័ន ដែល​សព្វ​ថៃ្ង គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​អគារ​កែ្បរ លាន​ព្រះ​គម្លង់ ពិត​ជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរាជ​ ជំនួស​ឲ្យ​ទេវរាជ​យ៉ាង​ប្រាកដ​មែន។ ចំពោះ​ចលនា​បន្លាស់​ប្រព័ន្ធ​គំនិត​ពី​ទេវរាជ មក​ពុទ្ធរាជ​ បាន​ទទួល​ការ​​គាំទ្រ​ពី​អ្នក​ប្រាជ្ញ​ធំៗ ដូច​ជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជា​ដើម ។ គួរ​រំឭក​ថា ព្រះ​ពុទ្ធ​ដ៏​ធំ​របស់​យើង ត្រូវ​បាន​គេ​ជួល​ជុល​ឡើង​វិញ ព្រោះ​ត្រូវ​បាន​គេ​កមេ្ទច​ជា​ច្រើន​ចំណែក ហើយ​ទម្លាក់​ចោល​ក្នុង​បាត​អណ្តូង ​ក្រោយ​ពី​ប្រតិកម្ម​សិវនិយម​ចំពោះ​លទ្ធិ​ព្រះ​ពុទ្ធសាសនា ក្រោយ​ពី ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​សោយ​ទិវង្គត​ទៅ​នោះ។

ប្រភពអត្ថបទ សូមចុចត្រង់នេះ

No comments: