សុភាសិតមួយពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ចូរពន្យល់។
សូមមើលវីដេអូខាងក្រោម៖
ន័យអត្ថានុរូប
(ន័យចំ)
|
កាលណាទឹកឡើង វាធ្វើឲ្យលិចទៅលើតំបន់ណាមួយ
ជាពិសេសពេលមេឃភ្លៀង ឬខែទឹកជំនន់ ហើយលប់ទៅលើអ្វីផ្សេងៗទៀត
ដូចជាសម្បុកស្រមោចជាដើម។ ពេលនោះ ស្រមោចនឹងត្រូវលង់ទឹកងាប់
ហើយត្រីក៏បានចំណីយ៉ាងឆ្ងាញ់ គឺស្រមោចនោះឯង។ ផ្ទុយទៅវិញ បើទឹកស្រកអស់ ត្រីប្រាកដជាភ័យខ្លួនជាក់ជាមិនខាន ព្រោះគ្មានទឹកសម្រាប់ហែល
ពេលស្រមោចនឹងសប្បាយចិត្ត ហើយស៊ីត្រីវិញ។
|
ន័យអត្ថបដិរូប
(ន័យធៀប)
|
តាមន័យធៀប គេឃើញថា «ត្រី» តំណាងឲ្យអ្នកធំ
មានអំណាច ចំណែកឯ «ស្រមោច» តំណាងឲ្យជនតូចទៀប។ «ទឹកឡើង ត្រីស៊ីស្រមោច»
ចង់សំដៅថា កាលបើអ្នកធំនៅមានអំណាចធំ ច្រើនតែគាបសង្កត់
ធ្វើបាបអ្នកតូចតាច បង្កើតឲ្យមានកំហឹង ដល់ពេល «ទឹកហោច
ស្រមោចស៊ីត្រី» គឺអ្នកធំនោះអស់អំណាចវិញ
អ្នកតូចតាចនឹងវាយបកទៅវិញយ៉ាងស្រួល។ សរុបមក សុភាសិតនេះមានន័យសំដៅដល់ការសងសឹករវាងអ្នកធំនិងអ្នកតូច
មិនចប់មិនចេះហើយ ដែលធ្វើឲ្យសង្គមគ្មានសន្តិភាព គ្មានការរីកចម្រើន។
|
សេចក្ដីអធិប្បាយ
ការចងគំនុំគុំកួនរមែងនាំមកនូវវិនាសកម្ម
និងការឈឺចាប់ យ៉ាងណាមិញ នៅក្នុងសង្គមដែលពោរពេញទៅដោយអំណាចជិះជាន់
បង្កើតបានជាការស្អប់ខ្ពើមចំពោះវណ្ណៈសក្ដិភូមិ ហើយកសិករ ពលករ កម្មករ
ក៏រកវិធីសាស្ត្រតបតវិញ គ្មានបានសុខឡើយ។ ដោយមើលឃើញបែបនេះហើយ
ទើបមានសុភាសិតមួយតែងពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
តើសុភាសិតនេះបង្កប់នូវខ្លឹមសារបែបណា?
ជាដំបូង
ដើម្បីឲ្យការបកស្រាយនេះកាន់តែពិស្ដារនោះ
គួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួន ដូចជា «ត្រី» និង «ស្រមោច» ជាមុនសិន។ ពាក្យថា
«ត្រី» គឺជាមច្ឆជាតិ ដែលរស់នៅក្នុងទឹក ដកដង្ហើមតាមស្រកី រីឯ «ស្រមោច»
ជាពពួកសុខុមសត្វ ដែលរស់នៅលើដី។ តាមន័យត្រង់ កាលណាទឹកស្រកអស់
ត្រីទាំងឡាយប្រាកដនឹងត្រូវងាប់
ហើយនឹងក្លាយទៅជាចំណីរបស់ស្រមោចជាក់ជាមិនខាន ប៉ុន្តែបើទឹកវាឡើងវិញ
ស្រមោចប្រាកដជាគ្មានផ្លូវរត់ ហើយត្រីនឹងស៊ីវិញ ចំណែកឯន័យធៀប គឺចង់បង្ហាញថា បើមនុស្សចេះតែបៀតបៀនគ្នា
នោះនឹងធ្វើឲ្យសង្គមកាន់តែអសន្តិសុខ
ព្រោះមនុស្សចាំតែសងសឹកគ្នាក្នុងឱកាសដែលខាងណាមួយចុះខ្សោយ។
ជាការពិតណាស់
សព្វថ្ងៃនេះ គេសង្កេតឃើញថានៅតាមទីក្រុង ដូចជាភ្នំពេញជាដើម
សម្បូរទៅដោយចោរគ្រប់ប្រភេទ។ ពេលប៉ូលិសចាប់វាបាន ក៏ដោះលែងវាទៅវិញ
ហើយជននោះនៅតែបន្តលួចទៀត ដល់ពេលប្រជាជនតាមទាន់ក៏ព្រួតគ្នាវាយ
ព្រោះទ្រាំនឹងការឈឺចាប់យូរហើយ ដល់ពេលចោរចំណាំមុខបាន ក៏ទៅសងសឹកវិញ
នេះគេហៅថាសង្គមគ្មានច្បាប់ទម្លាប់។
បើងាកមកមើលប្រវត្តិសាស្ត្រពិភពលោកវិញក៏មិនខុសគ្នាប៉ុន្មានឡើយ នៅក្នុងប្រទេសចិនសម័យបុរាណ
ច្រើនប្រកាន់យករបបរាជានិយមផ្ដាច់ការ បង្កើតនូវអំពើពុករលួយ
ធ្វើបាបប្រជាពលរដ្ឋតូចតាច ដោយការឈឺចាប់នេះ ចលនាបះបោរដ៏ធំមួយបានផ្ទុះដើម្បីផ្ដួលរំលំរបបស្ដេចនេះចោលតែម្ដង
ដោយទាមទារឲ្យពលរដ្ឋមានសិទ្ធិស្មើគ្នា។ មួយវិញទៀត
នៅក្នុងប្រទេសបារាំងនិងរុស្ស៊ី ក៏ធ្លាប់មានស្ដេចផងដែរ ប៉ុន្តែប្រជាជន
ដូចជា កសិករ កម្មករ មិនទទួលបានផលចំណេញនោះទេ ច្រើនតែទទួលរងនូវការកេងប្រវ័ញ្ចមិនចេះចប់មិនចេះហើយពីសំណាក់ពូកមូលធននិយម
ដែលតែងតែបឺតជញ្ជក់កម្លាំងញើសឈាមរបស់ជនស្លូតត្រង់។
ឆ្លៀតឱកាសរបបរាជានិយមចុះខ្សោយ កម្លាំងមហាជនកសិករ កម្មករ ក៏ផ្ទុះឡើង
រំលាយរបបរាជានិយមផ្ដាច់ការចោលទាំងស្រុងរហូតមកទល់សព្វថ្ងៃនេះ។
បន្ថែមពីនេះ នៅក្នុងរឿងភូមិតិរច្ឆាន
ក៏បានលាតត្រដាងនូវចលនាប្រឆាំងនឹងការគាបសង្កត់របស់បារាំងដែលទារពន្ធលើសកំណត់
នៅភូមិក្រាំងលាវ គ្រាដែលបារាំងគ្នាតិចផងនោះ
ក៏នាំគ្នាសម្លាប់បារដេសដោយជោគជ័យ ប៉ុន្តែអ្នកទាំងនោះពុំទាន់រួចខ្លួនទេ។ មិនយូរប៉ុន្មាន ទ័ពបារាំងក៏នាំគ្នាមកយ៉ាងច្រើន ប្រដាប់ដោយអាវុធផងនោះ
អ្នកខ្លះស្លាប់ អ្នកខ្លះទៀតរត់ចោលផ្ទះសំបែង ទៅសំងំពួនក្នុងព្រៃ
ទង្វើទាំងនេះ ពុំបានផ្ដល់នូវសុភមង្គលម្ដងណាឡើយ។ ក្រៅពីនេះ នៅក្នុងរឿងគូលែនកំណែន
ក៏បានបង្ហាញផងដែរថា ប្រទេសខ្មែរស្ថិតក្រោមជប៉ុនផង បារាំងផង
ប្រជាជនពិតរងទុក្ខលំបាកខ្លាំងណាស់។ ក្រោយពីជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងក៏ចូលមកកាន់កាប់ឥណ្ឌូចិនវិញ ប៉ុន្តែបារាំងខ្សោយជាងមុន ព្រោះខាតបង់ច្រើនក្នុងសង្គ្រាមលោកលើកទី២
ឆ្លៀតឱកាសនោះ អ្នកតស៊ូខ្មែរ ដូចជា លឹម នូដូង ម៉ឹង ជាដើម
បានបន្តសកម្មភាពបណ្ដេញបរទេសចេញពីទឹកដីខ្មែរ
រហូតដល់មានសន្ធិសញ្ញាសន្តិភាពទីក្រុងហ្ស៊ឺណែវ។
សរុបមក
មនុស្សទាំងឡាយណាដែលប្រកាន់ខ្លួនរឹងទទឹង និងមានភាពក្រអឺតក្រទម
គង់តែត្រូវគេបំបាក់វិញជាក់ជាមិនខាន ជាពិសេសជនមានអំណាច
ឬអ្នកមានឋានៈខ្ពស់ជាដើម ដល់ពេលខ្លួនចុះខ្សោយ
ប្រាកដជាត្រូវគេសងសឹកវិញ តួយ៉ាងដូចក្នុងការស្រាយពីខាងលើនេះអ៊ីចឹង។
យោងតាមការបកស្រាយដូចខាងលើនេះ
គេអាចសន្និដ្ឋានបានថា សុភាសិតនេះ
ពិតជាគតិមួយសម្រាប់ឲ្យមនុស្សគ្រប់ស្វែងយល់
និងបង្ហាញអំពីបាតុភាពសង្គមរបស់មនុស្ស ហើយបញ្ចៀសនូវបញ្ហានេះឲ្យបាន
ដើម្បីឲ្យជាតិមានសន្តិភាព។ ក្នុងនាមជាអ្នកសិក្សា
គួរគប្បីរៀនសូត្រឲ្យបានច្រើន ហើយចេះគោរពគ្នា និងតម្លៃគ្នាទៅវិញទៅមក ដើម្បីបង្កើតឲ្យមាននូវសុដុមនីយកម្មសម្រាប់ប្រទេសជាតិ។
ថ្ងៃអង្គារ
ទី០៨ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
រស់ វាសនា
សូមមើលវីដេអូខាងក្រោម៖
No comments:
Post a Comment