-ន័យអត្ថានុរូប (ន័យចំ)
សុភាសិតនេះពុំមានន័យធៀបឬន័យអត្ថបដិរូបនោះទេ ហេតុនេះ ហើយ ទើបខ្ញុំពន្យល់ធម្មតា។ ក្នុងន័យនេះ ដូនតាខ្មែរបានពន្យល់ថា ការរស់-នៅក្នុងសង្គម ត្រូវចេះបត់បែនតាមកាលៈទេសៈ មិនត្រូវរឹងទទឹងចំពោះស្ថានការណ៍ចំពោះមុខឡើយ។ នេះជាដំណោះស្រាយដើម្បីការពារជីវិត របស់ខ្លួន។ ឧទាហរណ៍ បើជួបមនុស្សបោកប្រាស់ យើងត្រូវរកវិធីយ៉ាងណាគេចឲ្យរួច តែពេលមានរឿងណាជាសាច់ការវិញ យើងត្រូវតែធ្វើទៅតាម សច្ចយុត្តិធម៌។ ដូច្នេះ បុព្វបុរសខ្មែរ ចង់ឲ្យកូនចៅជំនាន់ក្រោយ ចេះរស់នៅ និងសម្របតាមពេលវេលានិងទីកន្លែង។
សេចក្ដីអធិប្បាយ
ក្នុងដំណើរជីវិតរបស់មនុស្សរមែងមានឧបសគ្គ ពេលខ្លះក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ ប្រសិនបើមិនចេះដោះស្រាយ ឬស្លូតត្រង់ ពេក ត្រង់នេះបានន័យថា មនុស្សទាំងឡាយគួរតែចេះប្រើប្រាជ្ញា ឬបត់បែន តាមស្ថានការណ៍ ត្រូវចេះខូច ហើយក៏ត្រូវចេះត្រង់ដែរ ទើបអាចរក្សាជីវិតបាន។ សមដូចសុភាសិតខ្មែរមួយបានលើកឡើងថា «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំចោល»។
តើមតិប្រធាននេះ មានខ្លឹមសារយ៉ាងដូចម្ដេច?
ដើម្បីជាពន្លឺក្នុងការបកស្រាយទស្សនៈខាងលើ គួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិន ដូចជា «ផ្លូវ» «បោះបង់» និង «ចោល»។ ពាក្យថា «ផ្លូវ» គឺជាគន្លងសម្រាប់ធ្វើដំណើរ ចំណែកឯ «បោះបង់» គឺមិនយក មិន ត្រូវការ រីឯ «ចោល» បានន័យថា មិនខ្វល់ មិនយកចិត្តទុកដាក់ មិនយក ជាការ។ តាមរយៈសុភាសិតខាងលើ លោកចង់និយាយថា មនុស្សទាំងឡាយ ត្រូវចេះចូលស្ទឹងតាមបត់ បើមិនដូច្នេះទេ ប្រាកដជាមានគ្រោះថ្នាក់អាយុ ជីវិតជាក់ជាមិនខាន គឺត្រូវចេះត្រង់ និងចេះវៀចប្រកបដោយភាពឈ្លាសវៃ ផងដរ។
នៅក្នុងសង្គមដែលពោរពេញទៅដោយគ្រោះថ្នាក់ មនុស្សទាំងឡាយ គួរគប្បីចេះសម្របខ្លួន គឺធ្វើយ៉ាងណារក្សាជិវិតសិន រួចសឹមគិតបន្តទៅមុខទៀត។ ម្យ៉ាងវិញទៀត ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតតាមចាប់ជនល្មើស ក៏ត្រូវប្រើល្បិចដែរ ពេលខ្លះត្រូវប្រើជនបង្កប់ ដែលចេះបត់បែនយ៉ាងប៉ិនប្រសប់ បើចូលទៅត្រង់ៗប្រាកដជាមិនរស់ឡើយ ហេតុនេះហើយ ទើបប៉ូលិសងាយចាប់ជនខិលខូចទាំងនេះមកដាក់ទោសបាន នេះក៏ដោយសារប្រើផ្លូវវៀចនេះឯង ចំណែកឯផ្លូវត្រង់វិញ គឺប្រើច្បាប់ដើម្បីផ្ដន្ទាទោសជាដើម។ ដូចយ៉ាង នៅក្នុងអក្សរសិល្ប៍ប្រជាប្រិយ រឿងធនញ្ជ័យ ព្រះរាជាចង់ដេញជើងធនញ្ជ័យ ដោយទាមទារយកក្បួនកុហក ក៏ប៉ុន្តែធនញ្ជ័យក៏មិនខ្លាចរអាដែរ ហើយប្រាប់ទៅស្ដេចថា ក្បួនកុហកទុកនៅផ្ទះ បើចង់បានទៅសុំម្ដាយរបស់គេទៅ។ គ្រានោះ ស្ដេចក៏បញ្ជាឲ្យសេនាទៅយកក្បួនកុហកនៅផ្ទះរបស់ធនញ្ជ័យ ប៉ុន្តែម្ដាយរបស់ធនញ្ជ័យប្រាប់ថា គ្មានក្បួនកុហកទេ។ ថ្លែងពីសេនានោះក៏ទូលស្ដេចបែបនេះ ទ្រង់ក្រេវក្រោធជាខ្លាំង ក៏តាំងហៅធនញ្ជ័យមកសួរ ពេលនោះ ធនញ្ជ័យក៏ឆ្លើយថា នេះហើយជាក្បួនកុហក។ ថ្លែងពីស្ដេចវិញ ក៏ទាល់តម្រិះ ចាញ់ប្រៀបធនញ្ជ័យទៀត។ ទន្ទឹមនឹងនោះដែរ ធនញ្ជ័យក៏ភ្ជាប់នូវសេចក្ដីស្នេហាចំពោះជាតិដែរ ដោយជួយខ្មែរឲ្យរួចពីអំណាចចិន ហើយហៀបនឹងស្លាប់ រូបគេក៏ផ្ដល់នូវពាក្យទូន្មានដែលចេញពីចិត្តទៅកាន់ព្រះរាជាយ៉ាងដូច្នេះថា «បើសោយត្រីព្រួលកុំចោលស្រការ បើសោយត្រីប្រាកុំចោលស្រកី ស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន់»។ បន្ថែមពីនេះ តាមរយៈរឿងតេជោយ៉ត របស់លោក ទី ជីហួត បានស្ដែងឲ្យឃើញនូវសេចក្ដីស្នេហាចំពោះជាតិរបស់ តេជោមាស ជំទាវស្រែន និងតេជោយ៉ត។ ក្នុងនោះគេឃើញថា តេជោមាស ពូកែមែន តែមិនអាចយកឈ្នះស្ដេចសំរែបាន ទីបំផុតក៏មានគ្រោះថ្នាក់ដល់ជីវិត នេះមកពីតេជោមាសមិនចេះប្រើល្បិច។ ផ្ទុយទៅវិញ ថ្វីត្បិតតែជំទាវស្រែនជាស្ដ្រីមានកម្លាំង តិចមែន តែចេះប្រើល្បិច «ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» រហូត អាចលួងលោម ឲ្យស្ដេចសំរែលង់ក្នុងឧបាយកលរបស់ខ្លួនបាន ហើយទីបំផុត ក៏អាចកម្ចាត់មេបះបោរនេះបានដោយជោគជ័យ។ មួយវិញទៀត ដើម្បីស្រាវជ្រាវរក ជនក្បត់ឬអាងខ្នងនៅក្នុងជួរកងទ័ព តេជោយ៉ត បានប្រើល្បិចឲ្យទាហានអូសឫស្សីបញ្ច្រាសចុង អ្នកណាប្រឆាំង អ្នកនោះហើយជាជនក្បត់ ទីបំផុតក៏រកឃើញមែន។ មួយវិញទៀត ក្រោយពីតេជោមាសស្លាប់ទៅ តេជោយ៉តដែលជាកូនសិស្សក៏ចាប់ចិត្តស្រលាញ់ប្រពន្ធគ្រូរបស់ខ្លួន ហើយក៏សារភាពត្រង់ៗទៅកាន់នាង ហើយក៏ត្រូវជំទាវបដិសេធត្រង់ៗទៅវិញ ប៉ុន្តែតេជោយ៉តក៏ប្រើឧបាយដោយយកកាំជណ្ដើរមកឆ្លាក់ជារូបតេជោមាស ហើយពន្លយពាក្យសម្ដីទៅកាន់នាង ទីបំផុតនាងក៏យល់ ហើយព្រមរៀបការជាមួយនឹងតេជោយ៉តតែម្ដង។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាព-ឈ្លាសវៃដើម្បីជាកូនសោរចាក់ទៅរកគោលបំណងរបស់ខ្លួន បើមិនចេះប្រើទេ នោះនឹងមានគ្រោះថ្នាក់ដូចតេជោមាស យ៉ាងដូច្នោះដែរ។
សរុបមក អំពើល្អពិតជាមានតម្លៃណាស់ ក៏ប៉ុន្តែដើម្បីឲ្យឧត្ដមគតិ ឬបំណងរបស់ខ្លួនបានសម្រេចនោះ ក៏ត្រូវចេះបត់បែនតាមកាលៈទេសៈដែរ បើគ្មានកលឧបាយទេ ក៏មិនអាចទៅរួច បើផ្លូវត្រង់មិនឈ្នះ មានតែប្រើល្បិច តួយ៉ាងដូច ធនញ្ជ័យ ជំទាវស្រែន និងតេជោយ៉តជាដើម។
យោងតាមការបកស្រាយខាងលើ គេអាចវាយតម្លៃបានថា មតិ ប្រធាននេះពិតជាមានតម្លៃអប់រំយ៉ាងធំធេងដល់កុលបុត្រកុលធីតាខ្មែរ ដោយមិនអាចកាត់ថ្លៃបានក្នុងការបង្រៀនអំពីមេរៀនជីវិត។ ក្នុងនាមជាកូនខ្មែរ ក៏ដូចជាសិស្សានុសិស្សទាំងឡាយគួរគប្បីរៀនសូត្រតាមទស្សនៈអប់រំនៃសុភាសិតនេះ ដើម្បីដឹកនាំដំណើរជីវិតឲ្យជួបតែសេចក្ដីរុងរឿងទៅថ្ងៃអនាគត។
សូមមើលវីដេអូបន្ថែម
សូមមើលវីដេអូបន្ថែម
សូមទាញយកឯកសារជាPDF
No comments:
Post a Comment