ជាការពិតណាស់ ការសង្ឃឹមទៅលើអ្នកដទៃច្រើនពេក ឬចាំតែគេពេក ប្រាកដជាមិនទទួលបានផលល្អឡើយ ហើយជីវិតនឹងជួបតែរឿងស៊យ និយាយរួមគឺបរាជ័យតែម្ដង ដោយហេតុថា មិនគួរទុកចិត្តនរណាក្រៅពីខ្លួនយើងឡើយ។ ដោយមើលឃើញទង្វើបែបនេះ ទើបបុរាណលោកហៅពពួកមនុស្សទាំងនោះថា «កាប់បំពង់ រង់ចាំទឹកភ្លៀង»។
ដើម្បីជាស្ពានចម្លងទៅដល់ការបកស្រាយឲ្យកាន់តែក្បោះក្បាយនោះ ជាបឋម គួរគប្បីស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា «បំពង់» «រង់ចាំ» និង«ទឹកភ្លៀង»ជាដើម។ ពាក្យថា «បំពង់» គឺច្រើនតែ ធ្វើឡើងពីឫស្សី ហើយអាចស្ដុកទឹកបានល្មមនឹងផឹកបាន ចំណែកឯ «រង់ចាំ» សម្គាល់ទៅលើសកម្មភាពទន្ទឹងចាំអ្វីមួយដោយមិនដឹងថាគេមកឬមិនមក រីឯ «ទឹកភ្លៀង» បានន័យថា ជាអង្គធាតុរាវដែលធ្លាក់ពីលើលំហមក។ តាម រយៈសុភាសិតខាងលើ គេអាចពន្យល់តាមន័យត្រង់បានថា កាលណាយកបំពង់ទៅត្រងទឹកភ្លៀង ប្រាកដជាពិបាកមិនខាន ព្រោះពេលខ្លះមិនប្រាកដថាភ្លៀងឡើយ នោះនាំឲ្យបាត់បង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាជាក់ជាមិនខាន ចំណែកឯន័យធៀបវិញចង់បង្ហាញថា ក្នុងនាមជាមនុស្ស មិនគួរផ្ដេកផ្ដួលទៅតាមព្រហ្មលិខិតនោះឡើយ គួរចេះពិចារណាឲ្យបានល្អិតល្អន់សិនមុននឹងធ្វើអ្វីមួយ ទើបអាចទទួលបានផលសម្រេច។
ជាការពិតណាស់ មានមនុស្សខ្លះពោរពេញទៅដោយភាពល្ងង់ខ្លៅ ខ្វះសេចក្ដីព្យាយាម ដោយគិតថា នឹងមិនបាច់ទៅណាទេ រង់ចាំតែគេផ្ដល់ឲ្យទៅប្រាកដជារស់ជាក់ជាមិនខាន ចំណែកអ្នកខ្លះទៀតត្រូវចាញ់បោកគេ ដោយគិតថាអ្វីដែលគេនិយាយនោះគឺជាការពិត ក៏ជឿស្លុងតែម្ដង ទីបំផុត ក៏ត្រូវខាតបង់អស់រលីង។ ជាក់ស្ដែង ដូចករណីបោកប្រាស់តាមទូរសព្ទជាដើម មិនដែលធ្វើស្អីផង សុខៗស្រាប់តែមានភ្នាក់ងារទូរសព្ទមិនស្គាល់អត្តសញ្ញាណម្នាក់តេមកប្រាប់ថា ត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ដោយភាពល្ងង់ខ្លៅ ជននោះក៏ជឿតាម ហើយចុងក្រោយក៏ត្រូវខាតបង់។ ហេតុនេះ វាមិនមែនជារឿងសំណាងឡើយ តែជាបញ្ហាទៅវិញ។ មួយវិញ គេអាចនិយាយម្យ៉ាងទៀតថា មនុស្សដែលមិនសូវខិតខំនឹងការងារ ច្រើនធ្វេសប្រហែស ហើយរង់ចាំឲ្យតែគេជួយគ្រប់ពេលវេលា។ ពិតណាស់ គ្មាននរណាចាំជួយយើងគ្រប់កាលៈទេសនោះទេ។ ផ្ទុយទៅវិញ បុគ្គលគ្រប់រូបគួររំលាយអវិជ្ជាចោល ហើយចាប់យកចំណេះវិជ្ជាវិញ ទើបប្រសើរ ហើយពឹងលើសមត្ថភាពខ្លួនឯងឲ្យបានច្រើន។ តួយ៉ាងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សម មានសេចក្ដីព្យាយាមយ៉ាងខ្លាំង ទម្រាំអាចរកលុយសម្រាប់បំពេញសេចក្ដី-ស្រេកឃ្លានប្រចាំថ្ងៃបាន រកល្ងាចខ្វះព្រឹក រកព្រឹកខ្វះល្ងាច នេះខំផង នៅតែមិនសល់ ចុះទម្រាំតែខ្ជិលទៀតមិនដឹងជាស្លាប់ប៉ុន្មានដងនោះឡើយ។ បន្ថែមពីនេះ តាមរយៈរឿងទុំទាវ ព្រះបាទរាមាជើងព្រៃបានរើសស្នំប៉ះចំនាងទាវ តែដោយសេចក្ដីក្លាហាន និងការពុះពាររបស់ទុំ ហ៊ានប្រថុយនឹងគ្រោះ- ថ្នាក់ ទើបព្រះអង្គព្រមរៀបមង្គលការឲ្យអ្នកទាំងពីរតាមប្រពៃណី។ មួយវិញទៀត នៅក្នុងរឿងរាមកេរ្តិ៍ នៅពេលដែលក្រុងរាពណ៍ចាប់នាងសីតាយកទៅក្រុងលង្កាបាត់ទៅ ព្រះរាមនៅមិនសុខឡើយ ទ្រង់ខិតខំកេណ្ឌទ័ពយ៉ាងច្រើន ដើម្បីទៅដណ្ដើមយកមហេសីមកវិញ សេចក្ដីតស៊ូនេះក៏ធ្វើឲ្យព្រះអង្គអាចសម្រេចបំណងប្រាថ្នាបាន។ ក្រៅពីនេះ នៅក្នុងរឿងកុលាបប៉ៃលិន របស់លោក ញ៉ុក ថែម ក៏បានបញ្ជាក់ឲ្យឃើញថា ចៅចិត្រ ថ្វីត្បិតតែក្រីក្រ តែរូបគេមិនបណ្ដែតបណ្ដោយខ្លួនទៅតាមស្ថានភាពរបស់ខ្លួនឡើយ ប៉ុន្តែគេមានសេចក្ដីភ្ញាក់រឭកជានិច្ច ទីបំផុត ក៏ទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត។ សរុបមក បុគ្គលទាំងឡាយណាដែលមិនក្រោកឈរ មិនតស៊ូ មិនខំពិចារណាស្វែងរកមធ្យោបាយសម្រាប់ជីវិតនោះទេ ជននោះនឹងជួបតែរឿងអាក្រក់ ងាយនឹងរងគ្រោះ ឬអាចមានបញ្ហាដល់ខ្លួនឯង និងគ្រួសារទៀតផង។ ផ្ទុយទៅវិញ បើជននោះចេះដឹងអ្វីៗដែលនៅជុំវិញខ្លួន នោះគេនឹងអាចស្វែង រកនូវសុភមង្គលក្នុងជីវិតបាន។
យោងតាមការបកស្រាយខាងលើ គេអាចវាយតម្លៃបានយ៉ាងដូច្នេះថា សុភាសិតខាងលើបានអប់រំឲ្យមនុស្សគ្រប់រូបយល់ដឹងអំពីតម្លៃនៃសេចក្ដី- ព្យាយាមនិងចំណេះវិជ្ជា ហើយបញ្ញាក់ស្មារតីឲ្យចេះពិចារណា កុំលង់ក្នុង ឧបាយរបស់នរណាម្នាក់ឲ្យសោះ។ ក្នុងនាមជាកូនខ្មែរគួរគប្បីមានសេចក្ដី- ភ្ញាក់រឭកជាចម្បងដើម្បីរុញច្រានខ្លួន និងជាតិឆ្ពោះទៅកាន់ត្រើយនៃសេចក្ដីរីកចម្រើន។
សូមមើលវីដេអូខាងក្រោមបន្ថែម
សូមមើលវីដេអូខាងក្រោមបន្ថែម
No comments:
Post a Comment