Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 28, 2018

ផ្លូវវៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំចោល






អត្ថន័យ

សុភាសិត​នេះ​ពុំ​មាន​ន័យ​ធៀប​ឬ​ន័យ​អត្ថបដិរូប​នោះទេ ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​ពន្យល់​ធម្មតា។ ក្នុងន័យ​នេះ ដូនតា​ខ្មែរ​បាន​ពន្យល់ថា​ ការ​រស់នៅ​ក្នុងសង្គម ត្រូវ​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ មិន​ត្រូវ​រឹងទទឹង​ចំពោះ​ស្ថានការណ៍​ចំពោះ​មុខ​ឡើយ​។ នេះ​ជា​ដំណោះស្រាយ​ដើម្បី​ការពារ​ជីវិត​របស់ខ្លួន​។ ឧទាហរណ៍ បើ​ជួប​មនុស្ស​បោក​ប្រាស់​ យើងត្រូវ​រកវិធីយ៉ាង​ណាគេច​ឲ្យរួច​ តែ​ពេល​មាន​រឿង​ណា​ជាសាច់ការវិញ យើងត្រូវ​តែ​ធ្វើ​ទៅតាម​សច្ចយុត្តិធម៌។ ដូច្នេះ បុព្វបុរស​ខ្មែរ​ ចង់​ឲ្យ​កូនចៅ​ជំនាន់ក្រោយ​ ចេះរស់នៅ​ និងសម្របតាម​ពេល​វេលា​និងទីកន្លែង​។
                                                       
សេចក្ដីអធិប្បាយ
            ក្នុងដំណើរ​ជីវិត​របស់​មនុស្ស​រមែង​មាន​ឧបសគ្គ ពេល​ខ្លះ​ក៏​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផងដែរ ប្រសិន​បើ​មិន​ចេះ​ដោះស្រាយ​ ឬ​ស្លូតត្រង់​ពេក​ ត្រង់​នេះ​បាន​ន័យ​ថា មនុស្ស​ទាំងឡាយ​គួរតែ​ចេះ​ប្រើប្រាជ្ញា​ ឬ​បត់​បែន​តាម​ស្ថាន​ការណ៍​ ត្រូវចេះ​ខូច ហើយ​ក៏​ត្រូវ​ចេះ​ត្រង់ដែរ​ ទើប​អាច​រក្សា​ជីវិត​បាន​។ សមដូច​សុភាសិត​ខ្មែរ​មួយ​បាន​លើក​ឡើងថា «​ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំ​ចោល​»។
            តើ​មតិ​ប្រធាន​នេះ​ មាន​ខ្លឹមសារ​យ៉ាង​ដូចម្ដេច?
            ដើម្បី​ជា​ពន្លឺ​ក្នុងការ​បកស្រាយ​ទស្សនៈ​ខាង​លើ​ គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះជាមុន​សិន ដូចជា​ «ផ្លូវ»​ «បោះបង់» និង​ «ចោល»​។ ពាក្យថា «ផ្លូវ»​ គឺ​ជាគន្លង​សម្រាប់​ធ្វើ​ដំណើរ​ ចំណែក​ឯ​ «បោះបង់​»​ គឺ​មិន​យក​ មិន​ត្រូវ​ការ​ រី​ឯ​ «​ចោល»​ បាន​ន័យ​ថា​ មិនខ្វល់​ មិនយក​ចិត្ត​ទុកដាក់​ មិន​យក​ជាការ​។ តាមរយៈ​សុភាសិត​ខាង​លើ​ លោក​ចង់​និយាយ​ថា មនុស្សទាំងឡាយ​ត្រូវ​ចេះ​ចូលស្ទឹង​តាមបត់​ បើ​មិនដូច្នេះទេ ប្រាកដ​ជាមាន​គ្រោះ​ថ្នាក់​អាយុជីវិត​ជាក់​ជាមិនខាន​ គឺ​ត្រូវ​ចេះ​ត្រង់​ និង​ចេះ​វៀច​ប្រកប​ដោយ​ភាពឈ្លាសវៃ​ផងដរ​។
            នៅ​ក្នុងសង្គម​ដែល​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ មនុស្ស​ទាំង​ឡាយ​គួរគប្បី​ចេះ​សម្រប​ខ្លួន​ គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ជិវិត​សិន រួច​សឹម​គិត​បន្ត​ទៅ​មុខ​ទៀត​។ ម្យ៉ាងវិញ​ទៀត​ ពាក់ព័ន្ធ​ទៅ​នឹ​ង​ការ​ស៊ើប​អង្កេត​តាម​ចាប់​ជន​ល្មើស​ ក៏​ត្រូវ​ប្រើ​ល្បិច​ដែរ​ ពេល​ខ្លះ​ត្រូវ​ប្រើ​ជន​បង្កប់ ដែល​មាន​​ចេះ​បត់បែន​យ៉ាង​ប៉ិន​ប្រសប់ បើ​ចូល​ទៅ​ត្រង់ៗ​ប្រាកដ​ជា​​មិន​រស់​ឡើយ​ ហេតុ​នេះ​ហើយ ទើប​ប៉ូលិស​ងាយ​ចាប់​ជនខិលខូច​ទាំង​នេះ​មក​ដាក់​ទោស​បាន​ នេះ​ក៏​ដោយ​សារ​ប្រើ​ផ្លូវ​វៀច​នេះ​ឯង ចំណែក​ឯ​ផ្លូវ​ត្រង់​វិញ គឺ​ប្រើ​ច្បាប់​ដើម្បី​​ផ្ដន្ទាទោស​ជាដើម​។ ដូច​យ៉ាង នៅ​ក្នុង​អក្សរសិល្ប៍​ប្រជាប្រិយ​ រឿង​ធនញ្ជ័យ​ ព្រះរាជា​បាន​ចង់​ដេញ​ជើង​ធនញ្ជ័យ ដោយទាមទារ​យក​ក្បួន​កុហក​ ក៏​ប៉ុន្តែ​ធនញ្ជ័យ​ក៏​មិន​ខ្លាច​រអា​ដែរ​ ហើយ​ប្រាប់​ទៅ​ស្ដេច​ថា ក្បួន​កុហក​ទុក​នៅ​ផ្ទះ​ បើ​ចង់​បាន​ទៅ​សុំ​ម្ដាយ​របសគេ​ទៅ។ គ្រា​នោះ​ ស្ដេច​ក៏​បញ្ជា​ឲ្យ​សេនាទៅ​យក​ក្បួន​កុហកនៅ​ផ្ទះ​របស់ធនញ្ជ័យ ប៉ុន្តែ​ម្ដាយ​របស់​ធនញ្ជ័យ​ប្រាប់​ថា​ គ្មាន​ក្បួន​កុហក​ទេ។ ថ្លែង​ពី​សេនា​នោះ​ក៏​ទូលស្ដេច​បែប​នេះ ទ្រង់​ក្រេវក្រោធ​ជាខ្លាំង​ ក៏​តាំង​ហៅ​ធនញ្ជ័យ​មក​សួរ​ ពេល​នោះ​ ធនញ្ជ័យ​ក៏​ឆ្លើយ​ថា នេះ​ហើយ​ជាក្បួន​កុហក​។ ថ្លែង​ពី​ស្ដេច​វិញ​ ក៏​ទាល់​តម្រិះ ចាញ់​ប្រៀប​ធនញ្ជ័យ​ទៀត​។ ទន្ទឹម​នឹង​នោះ​ដែរ ធនញ្ជ័យ​ក៏​ភ្ជាប់​នូវ​សេចក្ដី​ស្នេហា​ចំពោះជាតិ​ដែរ​ ដោយ​ជួយ​ខ្មែរ​ឲ្យ​រួច​ពី​អំណាច​ចិន ហើយ​ហៀប​នឹងស្លាប់​ រូប​គេក៏​ផ្ដល់​នូវ​ពាក្យ​ទូន្មាន​ដែល​ចេញ​ពី​ចិត្ត​ទៅកាន់​ព្រះ​រាជា​យ៉ាង​ដូច្នេះថា «បើសោយ​ត្រីព្រួលកុំចោលស្រការ បើសោយត្រីប្រាកុំចោលស្រកី​ ស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន់»។ បន្ថែម​ពី​នេះ​ តាម​រយៈ​រឿង​តេជោយ៉ត​ របស់​លោក ទី ជីហួត បាន​ស្ដែង​​ឲ្យ​ឃើញ​នូវ​សេចក្ដីស្នេហា​ចំពោះ​ជាតិ​របស់​ តេជោមាស​ ជំទាវ​ស្រែន និង​តេជោយ៉ត​។ ក្នុង​នោះ​គេ​ឃើញថា តេជោមាស ពូកែ​មែន​ តែ​មិន​អាច​យក​ឈ្នះ​ស្ដេច​សំរែ​បាន ទីបំផុត​ក៏​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ នេះ​មក​ពី​តេជោមាសមិន​ចេះ​ប្រើល្បិច​។ ផ្ទុយ​ទៅវិញ ថ្វីត្បិត​តែ​ជំទាវ​ស្រែន​ជាស្ដ្រី​មាន​កម្លាំង​តិច​មែន​ តែ​ចេះ​ប្រើ​ល្បិច «​ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ីជ្រៅ»​ រហូត​អាច​លួងលោម ឲ្យ​ស្ដេច​សំរែ​លង់​ក្នុង​ឧបាយ​កល​របស់​ខ្លួន​បាន​ ហើយ​ទីបំផុត ក៏​អាច​កម្ចាត់​មេបះបោរ​នេះ​បាន​ដោយ​ភាព​ជោគជ័យ​។ មួយ​វិញ​ទៀត​ ដើម្បី​ស្រាវជ្រាវ​រក​ជន​ក្បត់​ឬ​អាង​ខ្នង​នៅ​ក្នុង​ជួរ​កងទ័ព​ តេជោយ៉ត​ បាន​ប្រើ​ល្បិច​ឲ្យ​ទាហាន​អូស​ឫស្សី​បញ្ច្រាសចុង អ្នក​ណា​ប្រឆាំង​ អ្នក​នោះ​ហើយ​ជាជន​ក្បត់​ ទីបំផុត​ក៏​រក​ឃើញ​មែន​។ មួយ​វិញ​ទៀត​ ក្រោយ​ពី​តេជោមាស​ស្លាប់​ទៅ​ តេជោយ៉ត​ដែល​ជា​កូន​សិស្ស​ក៏​ចាប់​ចិត្ត​ស្រលាញ់​ប្រពន្ធ​គ្រូរបស់ខ្លួន​ ហើយ​ក៏​សារភាពត្រង់​ៗ​ទៅ​កាន់​នាង ហើយ​ក៏​ត្រូវ​ជំទាវ​បដិសេធ​ត្រង់ៗ​ទៅវិញ​ ប៉ុន្តែ​តេជោយ៉ត​ក៏​ប្រើ​ឧបាយ​ដោយ​យកកាំជណ្ដើរ​មក​ឆ្លាក់​ជារូប​តេជោមាស​ ហើយ​ពន្លយ​ពាក្យ​សម្ដី​ទៅកាន់​នាង​ ទីបំផុត​នាង​ក៏​យល់ ហើយ​ព្រម​រៀបការ​ជាមួយ​នឹង​តេជោយ៉តតែម្ដង​។ សកម្មភាព​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីភាព​ឈ្លាសវៃដើម្បី​ជាកូនសោរ​ចាក់​ទៅរក​គោលបំណង​របស់ខ្លួន បើ​មិន​ចេះ​ប្រើ​ទេ​ នោះ​នឹង​មាន​គ្រោះ​ថ្នាក់​ដូច​ តេជោមាស​យ៉ាងដូច្នោះ​ដែរ​។
            សរុប​មក​ អំពើ​ល្អ​ពិត​ជា​មានតម្លៃ​ណាស់ ក៏​ប៉ុន្តែ​ឲ្យ​ឧត្ដមគតិ​ ឬ​បំណង​របស់​ខ្លួន​បាន​សម្រេច​នោះ ក៏ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈដែរ​ បើ​គ្មាន​កល​ឧបាយ​ទេ ក៏​មិន​អាច​ទៅ​រួច​ដែរ​ បើ​ផ្លូវ​ត្រង់​មិនឈ្នះ មាន​តែ​ប្រើ​ល្បិច តួយ៉ាង​ដូច​ ធនញ្ជ័យ ជំទាវ​ស្រែន និង​តេជោយ៉ត​ជាដើម​។
            យោងតាមការ​ស្រាយ​ខាងលើ គេ​អាច​វាយ​តម្លៃ​បាន​ថា មតិ​ប្រធាន​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ធំ​ធេង​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ ដោយ​មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ការ​បង្រៀន​អំពី​មេរៀន​នៃ​ជីវិត​។ ក្នុង​នាម​ជា​កូន​ខ្មែរ​ ក៏​ដូចជា​សិស្សា​នុសិស្ស​ទាំង​ឡាយ​គួរគប្បី​រៀនសូត្រ​តាម​ទស្សនៈអប់រំ​នៃ​សុភាសិត​នេះ ដើម្បី​ដឹកនាំ​ដំណើរ​ជីវិត​ឲ្យ​ជួប​តែ​សេចក្ដី​រុង​រឿង​ទៅ​ថ្ងៃ​អនាគត។

                                                         ថ្ងៃចន្ទ ទី១៥ កើត​ ខែ​ស្រាពណ៌ សំរឹទ្ធិស័ក ព.ស.២៥៦២
                                                                     សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨
                                                                                     ដោយ រស់ វាសនា



 


No comments: