ន័យអត្ថានុរូប
(ន័យចំ)
|
«គោ» គឺជាប្រភេទសត្វពាហនៈ
ដែលគេប្រើសម្រាប់ភ្ជួររាស់ បើនិយាយទៅ «គោដំបៅខ្នង» គឺមុខរបួស
ឬមុខដំបៅដែលស្ថិតនៅលើខ្នងនៃសត្វគោ
ដោយវាខ្លាចក្អែកហៅមកចឹកដំបៅវា នាំឲ្យវាឈឺផ្សា
ហេតុដូច្នេះហើយទើបជាវាខំយកកន្ទុយរបស់មកបក់ ឬលាតមក
ដើម្បីកុំឲ្យសត្វទាំងនោះមកទំលើខ្នងរបស់វា។
|
ន័យអត្ថបដិរូប
(ន័យធៀប)
|
តាមរយៈន័យធៀប គេឃើញថា «គោដំបៅខ្នង»
សំដៅទៅលើបុគ្គលដែលមានរឿងអាក្រក់ ឬធ្លាប់ធ្វើទង្វើមិនល្អណាមួយ
ចំណែក «ក្អែកហើររំលង» តំណាងឲ្យពាក្យសម្ដីដែលនិយាយចំគោលដៅ
ឬទង្វើអាក្រក់នោះ រីឯ «រំសាយកន្ទុយ» ធៀបនឹងការរអៀសខ្លួន
ឬខ្លាចរអាចំពោះអ្វីទង្វើណាមួយ។ សរុបមក សុភាសិតនេះមានន័យថា
បុគ្គលដែលប្រព្រឹត្តមិនត្រឹមត្រូវ ដល់គេនិយាយដល់ចំណុចនោះ
គឺតាំងភ័យព្រួយ ឬរអៀសខ្លួន ឬក៏ខ្លាច។
|
សេចក្ដីអធិប្បាយ
ជាការពិតណាស់
នៅក្នុងសង្គមមនុស្សរមែងមានមនុស្សល្អ
ក៏ប៉ុន្តែមនុស្សអាក្រក់ក៏មិនតិចនោះដែរ ក្នុងន័យនេះ គេចង់បង្ហើបថា
បុគ្គលមួយចំនួនដែលធ្លាប់ប្រព្រឹត្តនូវទង្វើមិនគួរគប្បី ហើយ
ដល់ពេលគេនិយាយតិចតួចក៏តាំងមានចិត្តមួយរអៀស ឬមានការភ័យខ្លាចទៅវិញ
ដែលគួរជាទីសង្ស័យសម្រាប់មនុស្សគ្រប់គ្នា។ ដោយមើលឃើញពីទង្វើបែបនេះហើយ
ទើបបុព្វបុរសខ្មែរលើកជាសុភាសិតមួយឡើងថា «គោដំបៅខ្នង ក្អែកហើររំលង
រំសាយកន្ទុយ»។
តើសុភាសិតខាងលើនេះមានខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះ?
ដើម្បីសម្រួលដល់បំណកស្រាយនោះ
ជាដំបូងគួរគប្បីយល់នូវពាក្យគន្លឺះមួយចំនួនសិន។ ពាក្យថា «គោ»
សំដៅដល់សត្វពាហនៈដែលមានស្នែង ទំពាអៀង អាចធន់នឹងកម្ដៅថ្ងៃបាន អាចអូសទាញ
ឬយកទៅធ្វើជាកម្លាំងសម្រាប់ភ្ជួររាស់បាន ចំណែក «ដំបៅ» គឺស្នាមរបួស
ដែលមានសភាពហើម ឬឈឺចាប់ រីឯ «រំសាយ» បានន័យថា បក់ ឬលាតមកដើម្បីគ្រប
ឬបិទបាំងអ្វីមួយ។ តាមរយៈន័យត្រង់ គេអាចពន្យល់បានថា
កាលណាគោមានដំបៅលើខ្នង វាមិនចង់ឲ្យសត្វដទៃឬក្អែក មកចឹកដំបៅវាឡើយ
ព្រោះធ្វើឲ្យវាឈឺចុកចាប់ ហេតុនេះហើយទើបវាយកកន្ទុយរបស់វាមកបក់បណ្ដេញ
ឬបិទបាំងជាដើម ចំណែកឯន័យធៀបវិញ គេចង់ឆ្លុះបញ្ចាំងឲ្យឃើញ
បុគ្គលដែលធ្លាប់ធ្វើអំពើអាក្រក់
តែងតែភ័យរាល់ពេលពាក្យសម្ដីណាមួយដែលត្រូវនឹងទង្វើខ្លួន
ហើយតាំងនិយាយ បន្លប់ ឬបង្វែងដានជាដើម។
ជាការពិតណាស់
មនុស្សខ្លះចូលចិត្តលាក់បាំងនូវទង្វើរបស់ខ្លួន
ដល់ពេលគេតាមទាន់បែរជាដោះសារឬនិយាយបិទបាំងកំហុសរបសខ្លួន
ឬបង្វែងដានទៅរឿងផ្សេងទៅវិញ។ តួយ៉ាង
មន្ត្រីម្នាក់គាត់ប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់
ហើយឃុបឃិតជាមួយឈ្មួញទុច្ចរិតជាដើម ដល់ពេលគេតាមទាន់
បែរជាទម្លាក់កំហុសទៅលើកូនចៅខ្លួនឯង ហើយយករួចខ្លួន នេះគេហៅថា
មនុស្សដែលមានពុតត្បុតអាក្រក់ មិនគួរយកជាគំរូបានឡើយ។ ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មក៏យ៉ាងដូច្នោះដែរ
អ្នកដែលសម្លាប់គេ ប្រាកដជានៅមិនសុខឡើយ ព្រោះចេះតែភ័យខ្លាចគ្រប់ពេលវេលា
ទីបំផុតក៏មិនអាចគេចផុតសំណាញ់ច្បាប់បានឡើយ
ដោយសារតែអារម្មណ៍របស់ឃាតករនោះបានស្ដែងឡើងតាមរយៈទឹកមុខ
និងពាក្យសម្ដី។ មួយវិញទៀត
ក្មេងមួយចំនួនធ្វើខ្លួនហាក់ដូចជាកូនល្អពេលនៅផ្ទះ ប៉ុន្តែពេលទៅក្រៅ
ក៏ចាប់ផ្ដើមខិលខូច មិនចូលរៀន ដល់ពេលឪពុកម្ដាយតាមទាន់
គេក៏បំភ្លៃថាមើលគ្រូឈឺ ឬមិត្តភក្តិឈឺជាដើម។ បន្ថែមពីនេះទៅទៀត
តាមរយៈរឿងទុំទាវរបស់ព្រះភិក្ខុសោម ក៏បានបង្ហាញឲ្យឃើញថា អរជូន
បានឃុបឃិតគ្នាពង្រាត់នាងទាវឲ្យមករៀបការជាមួយកូនខ្លួន គឺម៉ឺនងួន
ដែលធ្វើឲ្យទុំនៅមិនបានសុខ ក៏បានសុំលាព្រះរាជាទៅយកប្រពន្ធមកវិញ
ដោយភ្ជាប់ទាំងរាជសារមកផង។ ថ្លែងពីម្ដាយទាវវិញ
ពេលឃើញទុំទៅដល់ក៏តាំងបញ្ជោះឲ្យអរជូនចាប់ទុំយកទៅសម្លាប់ចោលដូចបំណង។
ក្រោយមក ដំណឺងនេះក៏បានលេចឮដល់ព្រះរាជា
ព្រះអង្គក៏យាងមកដាក់ទោសអ្នកទាំងនេះដោយប្រហារជីវិត។
នេះសរបញ្ជាក់ឲ្យឃើញបានថា អំពើអាក្រក់
ទោះបីខំលាក់យ៉ាងណាក៏គង់តែគេដឹងដែរ។ ក្រៅពីនេះ តាមរយៈរឿងថៅកែចិត្តចោរ
របស់លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន បានបង្ហាញនូវថៅកែម្នាក់នៅភ្នំពេញ
បានប្រើពូហំ ឲ្យចេះឡានបំបុកឡានថៅកែអុងប៉ាងហុងលី ប៉ុន្តែមិនមាននរណាមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
និយាយពីពូហំវិញ ក្រោយពីធ្វើតាមបញ្ជារបស់ថៅកែរួចហើយ
ក៏ប្រញាប់ទៅយកលុយថ្លៃឈ្នួល ក៏ប៉ុន្តែថៅកែនោះមានចរិតមិនល្អ
ក៏មិនព្រមឲ្យតាមការសន្យានោះឡើយ ធ្វើឲ្យសុខ មាន គង់ ទ្រី រួមទាំងផានិត
រួមគ្នាមកគាំទ្រពូហំ
ដើម្បីលាតត្រដាងនូវទង្វើដ៏ថោកទាបរបស់ថៅកែខ្លួន ក៏ប៉ុន្តែដោយសារទឹកលុយ
និងអំណាចផងនោះ ថៅកែក៏បែរត្រឡប់ទៅចោទពូហំថាជាអ្នកធ្វើទៅវិញ ដោយហៅនគរបាលឲ្យអូសពូហំយកទៅដាក់ទោសទៀតផង។
សកម្មភាពនេះបានស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ខ្លួនឯងធ្វើខុសហើយ
ពេលគេនិយាយចំពេក បែរជាខឹង ហើយប្រើអំណាចដោះខ្លួនពីការដាក់ទោស
ដើម្បីយករួចខ្លួនទៀតផង។
សរុបមក
ឃើញថា ទង្វើសព្វបែបយ៉ាង ជាពិសេសចំណុចអវិជ្ជា ឬអំពើទុច្ចរិតជាដើម
ពេលគេនិយាយទៅចំចំណុច ឬពេលខ្លះវាត្រូវនឹងសកម្មភាពរបស់ខ្លួនកន្លងមក
ក៏មានការភិតភ័យ ខ្លាចរអា ហើយក៏ចាប់ផ្ដើមបំភ្លៃទៅរឿងផ្សេងទៅវិញ
ដែលធ្វើឲ្យស្ថានការណ៍ក្រឡាប់ចាក់ទៅបាន។
យោងតាមការបកស្រាយ គេអាចវាយតម្លៃបានថា ទស្សនៈប្រធានខាងលើ ពិតជាល្អប្រសើរក្នុងការពន្យល់ឲ្យកូនខ្មែរគ្រប់រូបបានយល់នូវពុតត្បុតរបស់ជនខិលខូច ហើយងាកមកសាងអំពើល្អផងដែរ។ ក្នុងនាមជាសិស្សានុសិស្ស គួរគប្បីសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជាឲ្យបានច្រើន ដើម្បីប្រយោជន៍ក្នុងការកសាងសង្គមជាតិឲ្យរុងរឿង។
ថ្ងៃចន្ទ ទី១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨
ដោយ រស់ វាសនា
យោងតាមការបកស្រាយ គេអាចវាយតម្លៃបានថា ទស្សនៈប្រធានខាងលើ ពិតជាល្អប្រសើរក្នុងការពន្យល់ឲ្យកូនខ្មែរគ្រប់រូបបានយល់នូវពុតត្បុតរបស់ជនខិលខូច ហើយងាកមកសាងអំពើល្អផងដែរ។ ក្នុងនាមជាសិស្សានុសិស្ស គួរគប្បីសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជាឲ្យបានច្រើន ដើម្បីប្រយោជន៍ក្នុងការកសាងសង្គមជាតិឲ្យរុងរឿង។
ថ្ងៃចន្ទ ទី១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨
ដោយ រស់ វាសនា
|
No comments:
Post a Comment