Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 8, 2015

«ដំរីសារ​ស្លាប់ យក​ចង្អេរ​បាំង​»​



សេចក្ដី​អធិប្បាយ

     ​ក្នុង​ពិភពលោក​នេះ​គ្មាន​អ្វី​ដែល​ជា​អាថ៌កំបាំង​​​សម្រាប់​មនុស្ស​ឡើយ​ ​ដោយ​គេ​ដឹង​ថា​មនុស្ស​ជា​សត្វ​ដែល​មាន​ខួរ​ក្បាល​រីក​ចម្រើន​ និង​មាន​វិចារណញ្ញាណ​ ហើយ​ថ្លឹងថ្លែង​រក​ហេតុផល​ ឬ​ឫសគល់​នៃ​បញ្ហា​នានា​ យ៉ាង​ណា​មិញ​ រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ហើយ​ មិន​ចាំ​បាច់​បិទបាំង​ឡើយ​ មុន​នឹង​ក្រោយ​ប្រាកដ​ជា​ត្រូវ​គេ​ដឹង​ គេ​ថា​ក្រដាស​មិន​អាច​ខ្ចប់​ជើង​ជិត​ឡើយ​ នៅ​ពេល​បញ្ហា​នោះ​កាន់​តែ​រីក​ធំ​ឡើង​ៗ​ នោះ​នឹង​កាន់​តែ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ និង​ធ្វើ​ឲ្យ​បាត់​បង់​នូវ​កេរ្តិ៍ឈ្មោះ​កិត្តិយស​ជាក់​ជា​មិន​ខាន​​។ សម​ដូច​សុភាសិត​មួយ​លើក​ឡើង​ថា «​ដំរី​សារ​ស្លាប់ យក​ចង្អេរ​បាំង​»​។​
     តើ​សុភាសិត​នេះ​មាន​ន័យ​បង្កប់​និង​អប់រំ​ដូចម្ដេច​ខ្លះ​ចំពោះ​មនុស្ស​ទូទៅ​?​
     ជា​បឋម​មុន​នឹង​ចូល​ដល់​ការ​បកស្រាយ​សុភាសិត​នេះ​ គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន​សិន​ ដូចជា​ «​ដំរី​សារ​»​ និង​ «ចង្អេរ​»«​ដំរី​សារ​»​ គឺ​ជា​ដំរី​ដែល​មាន​មាឌ​ធំ​ រី​​ឯ «​​ចង្អេរ​» ជា​សម្ភារៈ​ខ្មែរ​​ម៉្យាង​ដែល​មាន​តែ​សណ្ឋាន​សំប៉ែត​ រាង​មូល​ គេ​​ប្រើ​សម្រាប់​អុំ​អង្ករ​ ឬ​ហាល​សាច់​ជាដើម​។​ តាម​ន័យ​ត្រង់​ ដំរី​សារ​​​មាន​មាឌ​ធំ នៅ​ពេល​វា​ស្លាប់​ នឹង​មាន​ក្លិន​អសោច​ជះ​ពេញ​សព្វ​ទិស​ ហើយ​យក​ចង្អេរ​ដ៏​តូច​មក​បិទ​បាំង​ មិន​ងាយ​នឹង​លាក់​ភ្នែក​អ្នក​ផង​ទាំង​ពួង​បាន​ឡើយ​ តាម​ន័យ​ធៀប​វិញ​ រឿង​រ៉ាវ​អាក្រក់​ៗ​ដែល​ខ្លួន​បាន​សាង​ឡើង មិន​អាច​គេ​ផុត​ពី​ភ្នែក​អ្នក​ជិត​ខាង​បាន​ឡើយ ទោះ​បី​ខ្លួន​ខំ​រក​លេស​នានា​ដើម្បី​ការពារ​ខ្លួន​ក៏​ដោយ​ ក៏​ទី​បញ្ចប់​ទង្វើ​ស្មោកគ្រោក​នោះ​វា​នឹង​បង្ហាញ​ខ្លួន​ឡើង​​ ហើយ​តែង​តែ​ទទួល​រង​នូវ​ការ​រិះគន់​ និង​ការ​ថ្កោលទោស​ជាក់​ជា​មិន​ខាន។
     បុគ្គល​ខ្លះ​បាន​ប្រព្រឹត្ត​នូវ​អំពើ​អបាយ​មុខ​ លួច​ឆក់​ ប្លន់​ កាប់​សម្លាប់​ស៊ី​សាច់​ហុត​ឈាម ឥត​ត្រា​ប្រណី​ ហើយ​ខិត​ខំ​គេចវេះ​ពី​សំណាញ់​ច្បាប់ ទី​បំផុត​ឈាម​ស្រែក​ស្បែក​ហៅ​ ក៏​ត្រូវ​គេ​ចាប់​បាន​។ ជាក់​ស្ដែង​ ស្ត្រី​ម្នាក់​នៅ​ពេល​ប្ដី​ចេញ​ទៅ​រក​ស៊ី​នៅ​ស្រុក​ក្រៅ​ ខ្លួន​ក៏​លួច​មាន​សហាយស្មន់​នឹង​ប្រុស​ឈ្មោល​ ភ្លេច​តួនាទី​ខ្លួន​ស្ត្រី​គំរូ​ក្នុង​សង្គម​ ធ្វើ​ឲ្យ​ញាតិ​ផង​ទាំង​ឡាយ​មាក់ងាយ​ថា ជា​ស្រី​ផិត​ក្បត់​ នាង​ខំ​លាក់​​ស្វាមី​នូវ​រឿងរ៉ាវ​របស់​ខ្លួន ដោយ​ធ្វើ​ពុត​ជា​បម្រើ​ប្ដី​ដិត​ដល់​ រៀប​បាយ​រៀប​ចំ​ មាន​ចរិត​ម្ញ៉ិកម្ញ៉ក់​​ ដែល​ធ្វើ​​មិន​ឲ្យ​ប្ដី​ចាប់​ថ្នាក់​បាន​ តែ​មិន​យូរ​មិន​ឆាប់​ អ្នក​នៅ​ក្បែរ​ចេះ​តែ​និយាយ​ត​ៗ​គ្នា​នូវ​រឿង​អាស្រូវ​របស់​នាង ហើយ​ទី​បំផុត​ប្ដី​ក៏​​តាម​ទាន់​ ហើយ​ដឹង​ចរិត​ប្រពន្ធ​ខ្លួន​ពិត​ជា​ផិត​ក្បត់​មែន​។ មួយ​វិញ​ទៀត​ ​អ្នក​ខ្លះ​ បាន​សម្លាប់​មនុស្ស​ ហើយ​ខំ​គេចវេះ​និង​​រត់​យក​រួច​ខ្លួន​​ដោយ​ប្រើ​វិធី​សូកប៉ាន់​ ឬ​ប្រកែក​នឹង​ប៉ូលិស​ ដល់​គេ​រក​ភស្តុតាង​បាន​ ក៏​ធ្វើ​មាត់​ស្ញេញ​ ​​ហើយ​ក៏​ត្រូវ​គេ​ចាប់​យក​​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​។ ​លើស​ពី​នេះ​ទៅ​ទៀត​ មន្ត្រី​ខ្លះ​តែង​តែ​ស៊ីសំណូក​ពុក​រលួយ​ កិបកេង​សម្បត្តិ​ជាតិ​ ហើយ​តែង​តែ​យក​លេស​នេះ​លេស​នោះ ​ចោទ​លើ​មន្ត្រី​ស្អាត​ស្អំ​ និង​​ខំ​ធ្វើ​បុណ្យ​បន្តិច​បន្តួច​ ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​នូវ​ទង្វើ​ដ៏​ថោកទាប​របស់​ខ្លួន​ ​​ប៉ុន្តែ​កុំ​ភ្លេច​ថា មនុស្ស​គេ​មាន​​ការ​ពិចារណា​ និង​ចេះ​គិត​ មិន​មែន​ងាយ​បោកប្រាស់​បាន​ឡើយ​ ទោះ​បី​មន្ត្រី​ខំ​លាក់​បាំង​ទង្វើ​បែប​ណា​ក្ដី​ ក៏​មិន​អាច​លាក់​ផុត​ពី​ភ្នែក​ប្រជាពលរដ្ឋ​បាន​ឡើយ​ ហើយ​រមែង​តែង​តែ​ទទួល​ពាក្យ​ដៀលត្មះ​គ្រប់​ជំនាន់​ ហើយ​ជួន​កាល​អាច​ត្រូវ​គេ​ចាប់​យក​មក​ផ្ដន្ទា​ទោស​ច្បាប់​ទៀត​ផង​។ ​ហេតុ​នេះ​ ​ទង្វើ​ដែល​ខ្លួន​​បាន​ធ្វើ​តែង​តែ​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​មហាជន​​ជានិច្ច​ ទោះ​បី​ខំ​លាក់បាំង​យ៉ាង​ណា​ក៏​អត់​អំពើ​ដែរ​ នៅ​ពេល​បញ្ហា​នោះ​រីក​សុះសាយ​ទៅ​ នឹង​ធ្វើ​ឲ្យ​កិត្តិយស​ខ្លួន​ត្រូវ​ធ្លាក់​ចុះ​ និង​រង​នូវ​ការ​ស្អប់​ខ្ពើម​អស់​មួយ​ជីវិត​។
​​​     តាម​រយៈ​ការ​សង្កេត​មើល​នៅ​ក្នុង​អក្សរសិល្ប៍​រឿង​ទុំ​ទាវ​ របស់​ព្រះ​ភិក្ខុ​សោម​ តួអង្គ​អរជួន​ បាន​ឃុបឃិត​ជាមួយ​យាយ​ម្ដាយ​ទាវ​ ដើម្បី​រិះរក​គ្រប់​វិធី​ក្នុង​ពង្រាត់បង្រាស​ទុំ​និង​ទាវ​ឲ្យ​ឃ្លាត​ពី​គ្នា ទោះ​បី​ជា​ដឹង​ថា​ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​រៀប​ការ​ឲ្យ​ក៏​ដោយ​។ ​​គ្រា​នោះ​ យាយ​ម្ដាយ​ទាវ​បាន​ក្លែង​លិខិត​ផ្ញើ​ទៅ​នាង​ទាវ​ ដោយ​យក​លេស​ថា​​ខ្លួន​ឈឺ​ធ្ងន់​​​ និង​ផ្ដាំ​ឲ្យ​នាង​វិល​ត្រឡប់​មក​ខេត្ត​ត្បូងឃ្មុំ​វិញ​ ដើម្បី​មើល​ជំងឺ​ម្ដាយ ចំណែក​ទុំ​ដឹង​ដូច្នោះ​ក៏​យល់​ព្រម​ឲ្យ​ប្រពន្ធ​ខ្លួន​ធ្វើ​ដំណើរ​​ទៅ​ស្រុក​វិញ​ ដោយ​ឥត​មាន​ការ​សង្ស័យ​អ្វី​បន្តិច​ឡើយ​។ លុះ​នាង​ទាវ​ទៅ​ដល់​ផ្ទះ​ ម្ដាយ​នាង​បាន​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជាមួយ​ម៉ឺន​ងួន​ ដែល​ជា​កូន​សំណព្វ​ចិត្ត​របស់​អរជួន​។ ដោយ​ទាវ​មិន​អាច​ទ្រាំ​បាន​នឹង​ទង្វើ​នេះ​ នាង​ក៏​បាន​លួច​ផ្ញើ​សំបុត្រ​ទៅ​ប្ដី​នូវ​បញ្ហា​ទាំង​នេះ​ ទុំ​ដឹង​ហើយ​ក៏​សុំ​ព្រះរាជសារ​ដើម្បី​ទៅ​​យក​ប្រពន្ធ​ខ្លួន​មក​វិញ​។ ពេល​ទុំ​ទៅ​ដល់​ផ្ទះ​នាង​ទាវ​ ទុំ​ក៏​បាន​ឮ​សំឡេង​ភ្លេង​ការ​ ក្នុង​ទ្រូង​ក៏​ក្ដៅ​​ពើតផ្សារ ហើយ​​ក៏​ឡើង​ទៅ​ផ្ទះ​​ដើម្បី​យក​នាង​ទាវ​វិញ ប៉ុន្តែ​អរជួន​មាន​បក្សពួក​ច្រើន​ ក៏​ត្រូវ​​ពួកគេ​ធ្វើបាប​ និង​យក​ទៅ​សម្លាប់​ចោល​នៅ​ក្រោម​ដើមពោធិ៍​ជើង​ខាល រី​ឯ​នាង​ទាវ​ក៏​បាន​ធ្វើ​អត្តឃាត​តាម​ប្ដី​ខ្លួន​ដែរ​។ មិន​យូរ​ទេ​ រឿង​រ៉ាវ​ឃាតកម្ម​ដ៏​សាហាវ​យង់ឃ្នង​នេះ​ក៏​បាន​លេចឮ​ដល់​ព្រះកាណ៌​របស់​ព្រះ​បាទ​រាមា​ជើង​ព្រៃ។​ ទ្រង់​ព្រះ​ពិរោធ​ខ្លាំង​ណាស់ ក៏​យាង​ទៅ​ខេត្ត​ត្បូងឃ្មុំ​ដោយ​ព្រះ​អង្គ​ផ្ទាល់​ ហើយ​កាត់​ទោស​បក្សពួក​ឲ្យ​ដោយ​ភ្ជួរ​នឹង​រនាស់​ និង​អ្នក​ផ្សេង​ទៀត​ដាក់​ជា​អ្នក​ងារ​ទាំង​អស់​។ បន្ថែម​ពី​នេះ​ នៅ​ក្នុង​រឿង​ថៅកែ​ចិត្ត​ចោរ​ ថៅកែ​ដល់​ពូ​ហំ​ យល់​ថា​ជា​អាណាព្យាបាល​និង​ជា​ម្លប់​សម្រាប់​កូន​ចៅ​នោះ​ បែរ​ប្រែ​ក្លាយ​ជា​មនុស្ស​ចិត្ត​ខ្មៅ​និង​សាហាវ​ឃោរឃៅ​ទៅ​វិញ​ តាម​រយៈ​រឿង​នេះ​ ពូ​ហំ​បាន​ចាញ់​បោក​ថៅកែ​ ទី​បំផុត​ទង្វើ​ថោក​ទាប​នេះ​បាន​ធ្វើ​ឲ្យ​ពូហំ​ភ្ញាក់​រឭក​​ ហើយ​ក៏​បកអាក្រាត​មុខមាត់​ពិត​របស់​ថៅកែ​ ចំណែក​ផានិត​វិញ​មិន​បាន​កាន់​ជើង​ថៅកែ​ខ្លួន​ទេ ប៉ុន្តែ​គេ​បាន​គាំ​ទ្រ​ខាង​ពូ​ហំ​វិញ ព្រោះ​ពូហំ​ជា​មនុស្ស​ស្អាត​ស្អំ​និង​ស្រឡាញ់​នូវ​ភាព​ស្មោះត្រង់​។ ត្រង់​នេះ​ ពូហំ​និង​ផានិត​បាន​បក​ស្បែក​មុខ​​​និង​ចរិត​ពិត​របស់​​ថៅកែ​ខ្លួន​ ឲ្យ​អ្នក​អាន​អ្នក​សិក្សា​បាន​ដឹង​ឮ ទោះ​បី​ធ្វើ​បុណ្យ​មួយ​រយ​សំពៅ​ ក៏​មិន​អាច​លុបលាង​ទោស​កំហុស​របស់​​ខ្លួន​មិន​បាន​ឡើយ​។ ​​នៅ​ក្នុង​អក្សរសិល្ប៍​​ខាង​លើ​នេះ​សុទ្ធ​សឹង​តែ​បង្ហាញ​ឲ្យ​​ឃើញ​យ៉ាង​ច្បាស់​នូវ​ពុតត្បុត​របស់​អ្នក​មាន​​អំណាច​​អាង​នេះ​អាង​នោះ​ ជិះជាន់​អ្នក​ក្រីក្រ ហើយ​ទាញ​យក​ផល​ចំណេញ​សម្រាប់​ខ្លួន​ឬ​ក្រុម​ខ្លួន​​ ខ្លះ​ទៀត​ល្អ​តែ​នឹង​មុខ​ ប៉ុន្តែ​ចិត្ត​វិញ​គឺ​អាក្រក់​ថ្លើម​ខ្មៅ​តួយ៉ាង​ដូច​ជា​ថៅកែ​ចិត្ត​​ជាដើម​។
     សរុប​មក​ឃើញ​ថា​ ទង្វើ​​អាក្រក់​ដែល​បាន​សាង​ មិន​អាច​ចៀស​ផុត​ពី​​ក្រសែ​ចក្ខុ​របស់​មហាជន​បាន ទោះ​បី​ជា​រក​វិធី​បិទបាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​គេ​នៅ​តែ​ដឹង​​ ប្រៀប​ដូច​ដំរី​ដែល​ស្លាប់ យូរ​ទៅ​ក៏​ជះ​ក្លិន​ស្អុយ​ចេញ​មក​ ហើយ​ចង្អេរ​ឯណា​ដែល​​អាច​បាំង​ក្លិន​អសោច​និង​​រូបរាង​ដំរី​ដ៏​មហិមា​នោះ​បាន​ គឺ​បិទ​មិន​ជិត​ទេ​ ជាក់​ស្ដែង​ដូចជា​​មន្ត្រី​ពុក​រលួយ​ ​ឃាតករ​ ឬ​តួអង្គ​អរជួន​ ឬ​ថៅកែ​ចិត្ត​ចោរ​ជា​ដើម​។
 ​​     យោង​តាម​បក​ស្រាយ​ខាង​ ស​បញ្ជាក់​​ឲ្យ​ឃើញ​ថា សុភាសិត​នេះ​បាន​បង្កប់​ខ្លឹមសារ​យ៉ាង​ល្អ​ ដែល​បណ្ដុះ​ឲ្យ​មនុស្ស​ចេះ​ទទួល​ខុសត្រូវ​ ធ្វើ​ខុស​ ត្រូវ​ចេះ​សារភាព​ មិន​គួរ​ប្រើ​វិធី​នានា ដើម្បី​លាក់​បាំង​ភាព​ខុស​ឆ្គង​ឡើយ​ មុន​នឹង​ក្រោយ​គង់​តែ​គេ​ដឹង​ដដែល​ យល់​ល្អ​គួរ​តែ​សារភាព​ចុះ​ ដើម្បី​កុំ​ឲ្យ​​អ្នក​ផង​រិះគន់​ និង​ចោទ​ថា​គ្មាន​ទំនួល​ខុស​ត្រូវ​។ ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ គួរ​គប្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ទាំង​ឡាយ ហើយ​ងាក​មក​ចាប់​ប៊ិច​សៀវភៅ​ និង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ខ្លួន​ គ្រួសារ​ និង​ជាតិ​របស់​ខ្លួន។​​​​​​​​​​​​​​

No comments: