(បទពាក្យ ៧)
- វាចាស្រទន់បន្ទន់ចិត្ត
- ដូចទឹកអម្រឹតពីសួគ៌ា
- បង្កប់ចរិតចិត្តផ្លែល្វា
- ឲ្យទ្រូងគ្រាំគ្រាកំព្រាពិត។
- ពាក្យពោលសែនផ្អែមថែមមន្តស្នេហ៍
- ពាក្យរេគេចកែប្រែកាំបិត
- កាត់ទងបេះដូងឲ្យក្រៀមស្វិត
- ដោយដងកាំបិតចិត្តវាចា។
- ពាក្យដែលស្រឡាញ់ចាញ់ចុងស្រល់
- រេរៀមអំពល់ណែនឱរា
- ស្មោះត្រឹមតែមាត់មិនសច្ចា
- ពាក្យពោលវាចាផ្ដាច់ចិត្តស្មោះ។
- ពាក្យផ្អែមថែមផ្សំទាំងថ្នាំពុល
- លាយឡំបំពុលដល់ខ្សត់ខ្សោះ
- ចិត្តពាលរាលរោលគ្មានស្រណោះ
- គ្មានក្ដីអាឡោះសោះឡើយណា។
- ពាក្យជាកាំបិតផ្ដាច់ជីវិត
- ផ្ដាច់ទាំងដួងចិត្តសូន្យសង្ខារ
- ផ្ដាច់ទាំងស្នេហ៍ខ្ញុំឲ្យប្រេះឆា
- ផ្ដាច់គ្មានមេត្តាត្រាប្រណី។
- វាចាទឹកឃ្មុំកុំអាលគប់
- កុំអាលប្រសព្វក្រែងគ្រោះភ័យ
- ត្រូវតែរិះគិតតាំងស្មារតី
- ស្វះស្វែងរកន័យឲ្យជាក់ច្បាស់។
- អ្វីៗមិនអាចមើលដោយភ្នែក
- ទោះថ្មីចម្លែករឿងដើមចាស់
- ប្រើភ្នែកក្នុងសាច់គិតឲ្យណាស់
- កុំជឿផ្ដេសផ្ដាសក្រែងអន្តរាយ។
និពន្ធដោយ រស់ វាសនា
No comments:
Post a Comment