Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 16, 2011

ព្រលឹងមាសបង





(បទកាកគតិ)

ព្រលឹង​មាស​បង​       ក្នុងគ្រា​នេះ​ម្ដង​         ប៉ង​ស្ម័គ្រ​តែ​ស្រី

ក្នុង​ចិត្ត​រញ្ជួយ​           គេង​ព្រួ​យ​ឥតបី        តើ​អូ​ន​ប្រណី​

                                ឬមួយយ៉ាងណា។

ព្រលឹង​មាសបង​       ចង់ជួប​ផ្ដោះផ្ដង​        សាសង​វាចា

ពាក្យ​ពោល​ពីរោះ      ស្ម័គ្រស្មោះស្នេហា    សម្ដី​សត្យា

                             ឲ្យរៀម​ស្បើយចិត្ត។

ព្រលឹង​មាសបង       ស្រស់ស្រីនួនល្អង     បងចង់កៀកកិត

រៀម​ដូចត្រកួន          ស្ងួនដួច​ព្រលិត         ប្រលែង​រួមរឹត

                             ក្នុង​បឹង​ស្នេហា។

ព្រលឹងមាសបង       រាត្រីកន្លង                ឆ្លងផុតវស្សា

ខែប្រាំងសើចក្អិក     កក្ដិកចរចា               សំឡេងភ្លេងការ

        កែវកុំនៅ​ថ្មឹង។

ព្រលឹង​មាសបង       រៀមសូម​ត្រកង        បមបី​ព្រលឹង

ប្រលែងប្រលូក        ល្អើនល្អូកកុំខឹង        ស្រស់ស្រីច្រឡឹង​

                             ញញឹមសមសួន។

ព្រលឹងមាសបង​       ខ្យល់បក់ម្ដង            រាត្រីស្ងាត់សូន្យ

រូបបងរងារ              រឭកតែអូន               ប្រៀបដូចជាក្បួន

                             ខះអស់គង្គា។

ព្រលឹងមាសបង       សូមផ្ញើចិត្តផង          ស្រស់ស្រីសោភា

បងអ្នកផ្សងព្រេង      ខំស្វែងរកគ្នា            សុំចិត្តពុំងារ

                             កុំដាច់មេត្តា។

ព្រលឹងមាសបង       រៀម​រស់​សៅហ្មង      ទ្រូង​រង​សោកា

ព្រោះតែស្រីមួយ       ចិត្តព្រួយយ៉ាងណា    ពេញណែនឱរា

                             រៀមរឹតរងកម្ម។

ព្រលឹង​មាសបង       មើលចុះក្ដាមខ្យង      មានគូប្រចាំ

ប្លែកអីរូបបង            សៅហ្មងយូរឆ្នាំ          បេះដូងផ្ដែផ្ដាំ

                             ចិត្ត​ស្នេហ៍តាមខ្យល់​។

ព្រលឹង​មាសបង       នឹកអូនម្ដងៗ            ចិត្តព្រួយកង្វល់

រាងកាយស្គមស្គាំង    ភាន់ភាំងវិលវល់       រស់រែងអំពល់

                             ខ្វល់ខ្វាយនឹកស្រី។

ព្រលឹងមាសបង       ឱ!កែវទងវង            ឆោមឆើតពិសី

បងដូចគង្គា             ពុំងារដូចត្រី             រៀមដូចរាជសីហ៍

                             អាស្រ័យគុហា។

ព្រលឹង​មាស​បង​       ​អូន​ជាបង្គង​             បង​សារិកា

រៀម​ជាកន្លង់            ចិត្ត​លង់​បុប្ផា            អូនជាតារា

                             បង​ជាផែនដី។

ព្រលឹងមាសបង​       ជួយចាំបំណង          ប៉ងស្ម័គ្រ​ពិសី
 
បើដឹង​ខ្លួន​ហើយ​       កែវអើយ​ប្រណី​        ដល់​ចិត្តរីងរៃ

                             រាល់ថ្ងៃកំព្រា។

ព្រលឹងមាសបង       រៀមអុជធូបផ្សង       ស្រស់ស្រីសោភា

សម្ដីគួរសម             រមទម​ឬកពារ           គួរយកជាគ្នា

                             ជាគូវាសនា។

ព្រលឹងមាសបង       ទឹកហូរហូរឆ្លង          ជ្រលង​បព្វតា

បងប្រៀបដូចព្រៃ      រស់ដោយទឹកថ្លា       ហូរតាមថ្មដា

                             ស្រោចស្រព​ស្នេហ៍ខ្ញុំ។

ព្រលឹងមាសបង       ផ្កាក្នុងរបង              មានម្ចាស់គ្រងឃុំ

បងជាបក្សី              គ្មានព្រៃជ្រកទំ          ប្រៀបដូចជាឃ្មុំ

                             រស់ខ្វះបុប្ផា។

ព្រលឹងមាសបង       សាច់សហ្មត់ហ្មង      គួចចិត្តស្នេហា

បំណាច់បានជួប       ជំនួបចរចា            សូមផ្ញើចិន្ដា

                             កែវអើយកុំខឹង។

ព្រលឹងមាសបង       វេលាកន្លង              លូតលាយសន្ធឹង

ជីវិតបងមួយ            ព្រួយព្រោះព្រលឹង    ក្នុងមួយជាតិហ្នឹង

                             ពេញដួងហឫទ័យ។

ព្រលឹងមាសបង       មាសមេស្នេហ៍ស្នង    ល្អលើសអស់ស្រី

ក្លែបក្លិនក្រអូប          ក្រាលក្របកេសី       ភក្ត្រមានរស្មី

                             គួចអន្ទងចិត្ត។

ព្រលឹងមាសបង       ឱ!កែវនួនល្អង          អូនល្អពេកពិត

ចង់ចិត្តក្បែរមេ          បំពេរមាសមិត្ត          កំដរស្នេហ៍ស្និទ្ធ

                             ជាប់ទោសស្នេហា។

ព្រលឹងមាសបង       អ្នកទោសដូចបង      សមមានទោសា

ហ៊ានស្រលាញ់ស្ងួន  នឹមនួ​នស្នេហា          មិនមើលវណ្ណា

                             វណ្ណៈក្រក្រៃ។

ព្រលឹងមាសបង       សើចសមកន្លង        ដូចកែវចរណៃ

នេត្រាខ្មៅយង់          ចិត្តលង់ស្រមៃ          រូបរស់អាល័យ

                             អាលោះស្នេហ៍ស្និទ្ធ។

ព្រលឹងមាសបង       រីកស្រស់បំព្រង        ស្រស់ស្រាយមាសមិត្ត

រៀមគ្មានបំណង       ប៉ុនប៉ងបាបចិត្ត        លើស្រស់ស្នេហ៍ស្និទ្ធ

                             កែវកន្និដ្ឋា។
   
ព្រលឹងមាសបង​       កែវ​កុំបែរ​ខ្នង            សាសង​វាចា

ឲ្យទ្រូងបាន​ល្ហើយ     ចិត្ត​ស្បើយទុក្ខា        សង្គ្រោះសង្ខារ

                             បងឲ្យ​មាន​ន័យ។

ព្រលឹង​មាសបង​       ក្រែង​មាន​ឆ្គាំ​ឆ្គង       កែវអើយអភ័យ

ពេល​ថ្ងៃល្ងាចព្រឹក​     បងនឹកតែស្រី           រៀងរាល់រាត្រី

                             ស្រមៃមាន​ភ័ព្ទ​។

ព្រលឹងមាសបង       ផែនថ្ពាល់ទាំងសង    ទុំដូចទន្លាប់

កែវភ្នែកស្រទន់​        ល្អពន់​គួរគាប់​           កែវភ្នែក​ថតជាប់

                             ​​​សម្រស់ស្នេហ៍ស្រី។

ព្រលឹងមាសបង​       ខ្យល់បក់ម្ដងៗ          រងាញ័រភ័យ

បើបានប្រលោម       ក្បែរឆោមពិសី          ម្ល៉េះសមរាល់ថ្ងៃ

                             ត្រេកក្នុងចិន្ដា។         

ដោយ រស់ វាសនា 

No comments: