ឧទាហរណ៍ ប្រធានបទ៖ ក្រោយពីសិក្សារឿងទុំទាវរួចមក
ស្រាប់តែលេចឡើងនូវទស្សនៈថា «តួអង្គមួយចំនួននៅក្នុងរឿងទុំទាវទទួលរងវិនាសកម្មដោយសារគំនិតអត្តនោម័តិនិយម
សួនតួនិយម និងមានះនិយម» ចូរពន្យល់។
១.គំរូទី១
មុននឹងឈានដល់ការបកស្រាយ
ជាដំបូងគួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិន ដូចជា «អត្តនោម័តិនិយម» «សួនតួនិយម» និង «មានះនិយម» ជាដើម។
ពាក្យថា «អត្តនោម័តិនិយម» សំដៅលើការសម្រេចចិត្តដោយឯកច្ឆន្ទ
មិនខ្វល់ពីយោបល់អ្នកជិតខាង រីឯ «សួនតួនិយម» បង្ហាញពីការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
ចំណែកឯ «មានះនិយម» ស្ដែងពីភាពរឹងរូស។
តាមរយៈមតិប្រធាននេះចង់បង្ហាញថា
សេចក្ដីវិនាសនៃតួអង្គខ្លះក្នុងរឿងទុំទាវបណ្ដាលមកពីការប្រកាន់គំនិតអស្មិមានះ
គិតតែពីប្រយោជន៍ខ្លួនឯង
និងសម្រេចិត្តដោយខ្វះការចូលរួមពីភាគីពាក់ព័ន្ធនានា។
២.គំរូទី២
ដើម្បីជាប្រទីបបំភ្លឺដល់បំណកស្រាយ
ជាបឋមគួរគប្បីស្វែងយល់នូវពាក្យសំខាន់ៗមួយចំនួនសិន។ ពាក្យថា «អត្តនោម័តិនិយម»
សំដៅលើការសម្រេចចិត្តដោយឯកច្ឆន្ទ មិនខ្វល់ពីយោបល់អ្នកជិតខាង រីឯ «សួនតួនិយម» បង្ហាញពីការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
ចំណែកឯ «មានះនិយម» ស្ដែងពីភាពរឹងរូស។ ផ្អែកតាមទស្សនៈប្រធានខាងលើនេះ
គេចង់មានន័យថា
សេចក្ដីវិនាសនៃតួអង្គខ្លះក្នុងរឿងទុំទាវបណ្ដាលមកពីការប្រកាន់គំនិតអស្មិមានះ
គិតតែពីប្រយោជន៍ខ្លួនឯង និងសម្រេចចិត្តដោយខ្វះការចូលរួមពីភាគីពាក់ព័ន្ធនានា។
៣.ឃ្លាភ្ជាប់សេចក្ដីមួយចំនួនទៀត
·
ដើម្បីជាជំនួយទៅដល់ការបកស្រាយនោះ
ជាបឋមគួរយល់បន្ថែមនូវពាក្យគន្លឹះមួយចំនួនសិន។
·
ដើម្បីជាប្រយោជន៍នៃបំណកស្រាយ
ជាដំបូងគួរគប្បីស្វែងយល់នូវពាក្យពិបាកៗខ្លះសិន។
·
ដើម្បីជាស្ពានចម្លងទៅដល់បំណកស្រាយ
គួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិន ដូចជា «អត្តនោម័តិនិយម» «សួនតួនិយម» និង «មានះនិយម»ជាដើម។
៤.របៀបពន្យល់ពាក្យគន្លឹះ
អ្នកសរសេរត្រូវស្រង់ពាក្យសំខាន់ៗយ៉ាងច្រើនត្រឹម៤ពាក្យ
ឬអាច៣ឬ២ពាក្យ ដើម្បីធ្វើការពន្យល់។ ត្រង់នេះ ពាក្យគន្លឹះត្រូវដាក់នៅក្នុងអព្ភន្តរសញ្ញាជានិច្ច
ដើម្បីរំលេចឲ្យអ្នកអានឃើញថា នោះជាពាក្យដែលត្រូវយកមកពន្យល់នៅក្នុងពន្យល់ពាក្យគន្លឹះ
ហើយពីពាក្យគន្លឹះមួយទៅពាក្យគន្លឹះមួយ គេមិនចាំបាច់ប្រើសញ្ញាខណ្ឌច្រើនពេកនោះទេ
គេគួរតែប្រើឈ្នាប់វិញប្រសើរជាង ដូចជា និង ហើយ រីឯ ចំណែកឯ ឬឃ្លាភ្ជាប់មួយចំនួនទៀត។
៥.របៀបពន្យល់ន័យប្រធាន
អ្នកសរសេរត្រូវតែពន្យល់ខ្លឹមសារទាំងមូលរបស់មតិប្រធានឲ្យមានខ្លឹមសារល្អ។
ករណីបើមតិប្រធានជាសុភាសិត អាចពន្យល់ន័យត្រង់ផង ឬន័យធៀបផង
ហើយពេលខ្លះពន្យល់តែន័យត្រង់ក៏មានដែរ។
សូមមើលវីដេអូបន្ថែម
សូមមើលវីដេអូបន្ថែម
ទាញយកឯកសារ ត្រង់នេះ
No comments:
Post a Comment