ន័យអត្ថានុរូប (ន័យចំ)
|
«កែ្អក» ជាបក្សីម៉្យាងដែលមានរូបរាងសម្បុរពណ៌ខ្មៅ អាក្រក់មើល មិនគួរឲ្យចង់នែបនិត្យឡើយ ហើយសំឡេងវាទៀតសោតក៏មិនសូវពីរោះស្ដាប់នោះឡើយ។
|
ន័យអត្ថបដិរូប (ន័យធៀប)
|
«ក្អែក» តំណាងឲ្យរឿងអាក្រក់ រឿងមិនល្អ ឬរឿងអបមង្គល ជាពិសេសនោះគឺពាក្យដែលគេនិយាយតៗគ្នានូវចំណុចអាក្រក់របស់បុគ្គលណាមួយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងៗទៀត យូរទៅធ្វើឲ្យសាច់រឿងកាន់តែវែងអន្លាយ ហើយប្រាសចាកពីខ្លឹមសារដើម ដែលបង្កើតទៅជារឿងស្មុគស្មាញនិងជម្លោះជាដើម។ សរុបមក សុភាសិតនេះចង់បង្ហាញថា ការយករឿងរបស់គេមកនិយាយតៗគ្នាច្រើនពេក អាចធ្វើឲ្យខុសពីរឿងដើម បង្កើតបានជាពាក្យចចាមអារ៉ាមនានា ជាទម្លាប់មិនល្អមួយនៅក្នុងសង្គម។
|
សេចក្ដីអធិប្បាយ
រឿងរ៉ាវដែលនិយាយតៗគ្នា មិនមានប្រភពច្បាស់លាស់ ក៏ចេះតែបញ្ចេញបញ្ចូលទៅតាមអ្នកនិយាយ ពីម្នាក់ទៅម្នាក់ បង្កើតបានពាក្យចចាមអារ៉ាម ហើយបង្កជាបញ្ហាផ្សេងៗទៀតវិញ។ ដោយហេតុនេះ ទើបមានសុភាសិតមួយលើកឡើងថា «ក្អែកមួយជាក្អែកដប់»។
តើសុភាសិតនេះមានអត្ថន័យដូចម្ដេច?
ដើម្បីឲ្យបំណកស្រាយកាន់តែពិស្ដារនោះ ជាបឋមគួរគប្បីស្វែងយល់នូវពាក្យមួយចំនួនជាមុនសិន ដូចជា «មួយ» «ដប់» និង «ក្អែក» ជាដើម។ ពាក្យថា «មួយ» សំដៅចំនួនដំបូងគេបំផុត ឥតមានពីរ ចំណែកឯ «ដប់» គឺជាចំនួនដែលធំជាងប្រាំបួន តែតូចជាងដប់មួយ រីឯ «ក្អែក» បានន័យដល់សត្វបក្សីដែលមានសម្បុរខ្មៅ បើក្នុងវប្បធម៌ខ្មែរវិញ គេចាត់ទុកសត្វនេះថាជាអពមង្គល។ តាមរយៈសុភាសិតនេះ ក្អែក តំណាងឲ្យអ្វីដែលមិនល្អប្រសើរ លើសពីនេះ អាចមានខ្លឹមសារថា ការនិយាយបំផ្លើសពីការពិត ឬការនិយាយតៗគ្នាខុសពីការពិត ប្រាកដជានាំមកនូវគ្រោះថ្នាក់ដល់ខ្លួន ឬអាចប៉ះពាល់ដល់អ្នកដទៃក៏ថាបានដែរ។
ក្នុងស្ថានភាពសព្វថ្ងៃ គេឃើញថាប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនជាលំដាប់ ជាពិសេសបណ្ដាញសង្គមរីកលូតលាស់ដូចផ្សិត ដូចជាហ្វេសស្បុកជាដើម។ អ្នកខ្លះយករឿងនេះរឿងនេះទៅបង្ហោះផ្ដេសផ្ដាសដោយមិនបានសួរម្ចាស់ដើមច្បាស់លាស់ បញ្ចេញបញ្ចូលទៅតាមគំនិតខ្លួន ហើយចេះតែចែករំលែកតៗគ្នាដោយគ្មានប្រភពច្បាស់លាស់ រហូតធ្វើឲ្យប្រាសចាកពីសេចក្ដីពិតទាំងស្រុង ហើយអាចប៉ះពាល់កិត្តិយសអ្នកដទៃទាំងស្រុង ឬអាចនាំគ្រោះថ្នាក់ដល់ខ្លួនទៀតផង។ ជាក់ស្ដែង តាមរយៈសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគទី១ ក្អែកមួយជាក្អែកដប់ ដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបង្ហាញថា អាខិល និងអាខូច មានល្បិចដូចគ្នា ចុងក្រោយក៏យកគ្នាធ្វើសម្លាញ់ ហើយបោកប្រាស់យកលុយពីសេដ្ឋី ដោយគ្រានោះសេដ្ឋីស្លាប់ត្រូវគេដាក់ក្នុងមឈូស ឯអាខិលក៏ចូលក្នុងមឈូសដេកពីសពដើម្បីក្លែងធ្វើជាតពាក្យសម្ដីជាមួយនឹងអាខូច កូនចៅសេដ្ឋីដោយចាញ់ប្រាជ្ញអ្នកទាំងពីរក៏ព្រមរៀបមាសប្រាក់មួយរទេះក្របីឲ្យពួកគេ។ ដល់តាមផ្លូវដោយភាពចង់បានហួសហេតុពេក ក៏រកល្បិចតែរៀងខ្លួន ម្នាក់ទៅសុំបាយគេ ដោយលាបថ្នាំពុលក្នុងបាយ ម្នាក់នៅចាំរទេះ ដោយធ្វើខ្នារដាក់ស្ទាក់សម្លាប់គ្នា ចុងក្រោយក៏ស្លាប់ទាំងពីរ រីឯរទេះក្របីក៏ចេះតែដើរទៅមុខរហូត ចៃដន្យមានបុរសម្នាក់ឃើញទ្រព្យនោះ ក៏នឹកអរផងភ័យផង ដោយមិនទុកចិត្តប្រពន្ធ ក៏ក្លែងប្រាប់ប្រពន្ធថា ពេលខ្លួនកំពុងជុះអាចម៍ ក៏មានក្អែកមួយហើរចេញពីក្ដិតខ្លួន ហើយផ្ដាំភរិយាកុំឲ្យប្រាប់គេ ដោយប្រពន្ធនោះល្ងង់ពេក ក៏ប្រាប់អ្នកជិតខាងដូច្នេះដែរ តែហាមមិនឲ្យនិយាយប្រាប់គេ រហូតដល់និយាយដល់ក្អែកប្រាំ ដល់ក្អែកដប់ ក៏ល្បីដល់ព្រះរាជា ព្រះអង្គក៏ត្រាស់បញ្ជាឲ្យបុរសនោះចូលគាល់ ដើម្បីបង្ហាញរឿងពិត បុរសក៏ទូលប្រាប់ស្ដេចថា គ្មានក្អែកហើរចេញពីក្ដិតនោះទេ ព្រោះចង់សាកពីគំនិតប្រពន្ធប៉ុណ្ណោះ ដោយខ្លួនរើសបានទ្រព្យច្រើនពេក បុរសនោះក៏បានយកទ្រព្យនោះទៅថ្វាយស្ដេច ព្រះរាជាក៏ឲ្យបុរសនោះពាក់កណ្ដាល់ ហើយសល់ប៉ុន្មានត្រូវរក្សាទុកក្នុងឃ្លាំងព្រះរាជទ្រព្យវិញ។ ការនិយាយតៗគ្នាបែបនេះ អាចបង្កើតទៅជារឿងខុសពីការពិត ទាល់តែយកម្ចាស់ដើមមកសួរនាំទើបដឹងថា នោះជារឿងប្រឌិតសាកល្បងគំនិតប៉ុណ្ណោះ។ ហេតុនេះមុននឹងយករឿងអ្វីមកសរសេរ ឬនិយាយនោះ គួរគប្បីពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន ដើម្បីកុំឲ្យបង្កការលំបាកដល់ខ្លួន។ ទាក់ទងនឹងរឿងនយោបាយវិញ បើមិនច្បាស់ទេសូមកុំចេះតែយកទៅសរសេរ ឬនិយាយផ្ដេសផ្ដាស វានាំតែជាប់គុក ជាប់ច្រវាក់ឥតអំពើ។ មួយវិញទៀត ចំពោះអ្នកដែលចូលចិត្តនិយាយដើមអ្នកដទៃ និយាយអាក្រក់ពីនេះពីនោះ បញ្ចេញបញ្ចូល បំផ្លើសខុសពីការពិតរបស់គេ ដល់ម្ចាស់គេដឹង ក៏កើតមានរឿងរ៉ាវជាដើម។
សរុបសេចក្ដីមក ការនិយាយស្ដីអ្វីក៏ដោយ តោងតែពិចារណាឲ្យគ្រប់ជ្រុងជ្រោយ កុំចេះតែហ៊ានដោយឥតសំចៃ គួរយកច្បាប់ហេតុនិងផលមកប្រើទើបប្រសើរ កុំឲ្យគេថាក្អែកមួយជាក្អែកដប់ឲ្យសោះ ហើយអាចនឹងនាំគ្រោះ ឬភាពចង្រៃដល់ខ្លួនជាក់ជាមិនខាន។
យោងតាមការបកស្រាយខាងលើ គេអាចវាយតម្លៃបានថា សុភាសិតនេះពិតជាបានបង្រៀនមនុស្សឲ្យចេះពិចារណាមុននឹងធ្វើអ្វីមួយ ត្រូវមានហេតុនិងផល។ ក្នុងនាមជាអ្នកសិក្សា គួរគប្បីស្វែងយល់ និងក្រេបយកចំណេះដឹងឲ្យបានច្រើន ដើម្បីលប់បំបាត់អវិជ្ជា និងបង្កើតប្រាជ្ញា ដើម្បីត្រៀមខ្លួនជាធនធានមនុស្សសម្រាប់សង្គមជាតិយើង។
សូមមើលវីដេអូបន្ថែម
ព្រហស្បតិ៍
ទី១៥ កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមទាញយកឯកសារជា PDF ត្រង់នេះ
No comments:
Post a Comment