ន័យអត្ថានុរូប
(ន័យចំ)
|
«ដំរី»
គឺជាថនិកសត្វម៉្យាងដែលមានមាឌធំ មានភ្លុក ប្រមោយ និងស្លឹកត្រចៀកធំៗ
វាមានកម្លាំងខ្លាំងក្លា អាចជួយអូសទាញរបស់ធំៗ និងធ្ងន់ៗបានដោយងាយ
ហើយមិនត្រឹមតែប៉ុណ្ណោះ ពេលវាបន្ទោរបង់ម្ដងៗ
លាមកវាពិតជាច្រើនខុសសត្វដទៃ សូម្បីតែលាមកមនុស្សក៏មិនដល់វាផង។
បើចង់ជុះដូចមិនបានទេ គឺមិនអាចទៅរួចបានឡើយ។
|
ន័យអត្ថបដិរូប
(ន័យធៀប)
|
«ដំរី» តំណាងឲ្យអ្នកមាន អ្នកសម្បូរហូរហៀនូវធនធានទ្រព្យសម្បត្តិ
«ជុះ»មានន័យថា ពេលគេធ្វើអ្វីម្ដងៗ គឺចំណាយដោយគ្មានការសោកស្ដាយ។
បុរាណលោកផ្ដាំថា បើឃើញទង្វើបែបនេះ ក្នុងនាមយើងជាជនក្រីក្រ
ឬតូចតាចមិនគួរធ្វើតាមនោះទេ ព្រោះធនធានយើងខ្សត់ខ្សោយ បើមិនដូច្នោះទេ
ប្រាកដជារលាយ ឬស្លាប់មិនខ្លួនមិនខាន
គួរចេះសន្សំសំចៃវិញប្រសើរជាង។
|
ជាការពិតណាស់
មានអ្នកខ្លះមិនសូវមានធនធានទេ
ក៏ប៉ុន្តែចេះតែធ្វើខ្លួនតាមគេតាមឯងតាមឯង ដោយខ្វះការពិចារណា
ហើយខ្លះទៀតក៏បង្ខំម៉ែឪដើម្បីទិញនេះទិញនោះ ដូចជាម៉ូតូ
ទូរសព្ទទំនើបៗជាដើម ចុងក្រោយក៏ត្រូវជំពាក់បំណុលគេគ្រប់ទិស។
ដោយមើលឃើញចំណុចអវិជ្ជមានបែបនេះហើយ ទើបដូនតាខ្មែរផ្ដាំយ៉ាងដូច្នេះថា
«ឃើញដំរីជុះ កុំជុះតាមដំរី» ។
តើសុភាសិតនេះបង្កប់នូវខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជំនួយក្នុងការបកស្រាយទស្សនៈប្រធានខាងលើនេះ
ជាដំបូងគួរយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា «ដំរី» «ជុះ»
និង «តាម» ជាដើម។ ពាក្យថា «ដំរី» សំដៅសត្វចតុបាទ ដែលមានប្រមោយ
និងភ្លុក ហើយថែមទាំងមានមាឌធំជាងសត្វជើងបួនដទៃទៀតផង ចំណែកឯ «ជុះ»
សម្គាល់ទៅលើកិរិយានៃការបន្ទោបង់លាមក ឬឧច្ចារៈ រីឯ «តាម» គឺធ្វើត្រាប់
ឬធ្វើតម្រាប់តាមអ្នកណាមួយ។ តាមរយៈសុភាសិតនេះ ន័យត្រង់
គឺពេលដែលដំរីបន្ទោបង់លាមក គឺវាមានទំហំធំជាងលាមកសត្វដទៃ
សត្វផ្សេងសុទ្ធតែមានមាឌតូចជាង មិនអាចជុះតាមដំរីបានឡើយ
បើតាមន័យធៀបវិញ លោកបានផ្ដាំថា អ្នកដែលក្រខ្សត់ខ្វះខាត កុំសូវហ៊ានចំណាយធំដូចគេអ្នកមានជីវភាពធូរធារអី
បើមិនដូច្នោះទេនឹងនាំបញ្ហាដល់ខ្លួននិងអនាគតខ្លួនជាក់ជាមិនខាន។
គេសង្កេតឃើញច្រើនណាស់
សិស្សានុសិស្សខ្លះមានមិត្តភក្ត្រច្រើន
ហើយឃើញគេមានសម្ភារទំនើបៗទាន់សម័យ ខ្លួនក៏ចង់បានដូចគេដែរ
ក៏ទៅយំទារឪពុកម្ដាយ ដោយដាក់ខណ្ឌលំបាកដល់ពួកគាត់
រហូតដល់អ្នកមានគុណទាំងពីរត្រូវលក់ដី ឬបញ្ចាំស្រែ ដើម្បីទិញម៉ូតូ
ទូរសព្ទ ដល់ខ្លួន ហើយវាគ្មានប្រយោជន៍អ្វីទាល់តែសោះ ទីបំផុត
ក៏ត្រូវជំពាក់គេជុំទិសតែម្ដង ព្រោះត្រូវរកលុយសងបំណុលគេ ទង្វើបែបនេះអាចប៉ះពាល់ដល់ជីវភាពគ្រួសារទាំងមូល
អាចធ្លាក់ខ្លួនកាន់តែយ៉ាប់ ត្រូវបង្ខំខ្លួនស៊ីឈ្នួលគេ
អាចទៅធ្វើការនៅស្រុកក្រៅ ឬអាចសិស្សនោះត្រូវបោះបង់ការសិក្សាតែម្ដង
ដើម្បីជួយដោះបំណុលដែលគ្រួសារខ្លួនជំពាក់គេ។
ហេតុនេះមុននឹងធ្វើអ្វីមួយ ត្រូវតែពិចារណាឲ្យបានច្បាស់ជាមុនសិន
ថាខ្លួនជានរណា មកពីណា មានលទ្ធភាពកម្រិតណា
ត្រូវធ្វើតាមអ្វីដែលខ្លួនអាចធ្វើបានទើបសមប្រកប។ ដូចយ៉ាងសុភាសិតខ្មែរជាច្រើនបានពន្យល់ឲ្យមនុស្សគ្រប់គ្នាធ្វើអ្វីមួយទៅតាមដំណាក់កាល
និងចេះបែងចែកការងារបានត្រូវ ដូចជា «គិតមុន សឹមគូរ»
គឺធ្វើអ្វីក៏ដោយត្រូវចេះគិតឬប្រមើលមើលអនាគតជាមុនសិន
ចាំបញ្ចេញសកម្មភាពតាមក្រោយ។ ជាក់ស្ដែង នៅក្នុងរឿងទុំទាវ
តាមរយៈតួអង្គអរជូន ដែលតាំងខ្លួនជាអ្នកមានអំណាចមួយ ហៅថាស្ដេចត្រាញ់
តែកុំភ្លេចថានៅមានស្ដេចផែនដីមួយអង្គដែរ គឺព្រះបាទរាមាជើងព្រៃ
សូម្បីតែស្ដេចក៏មិនអាចបំបែកបំបាក់ទុំទាវបានផង នេះអរជូនបែរយកអំណាចទៅ
ប្រើទៅវិញ ចុងក្រោយក៏ត្រូវវិនាសទាំងខ្លួន និងក្រុមគ្រួសារទៀតផង
មិនត្រឹមតែប៉ុណ្ណោះប៉ះពាល់ដល់អ្នកចូលរួមពិធីមង្គលការនេះផងដែរ។
នៅក្នុងសម័យអាណានិគមបារាំង
ខ្មែរមួយចំនួនស្ទើរតែចង់ភ្លេចជាតិកំណើតខ្លួនថាជាខ្មែរ
ខ្លះធ្វើឫកដូចជាបារាំង ដែលមិនស្គាល់ខ្មែរ
ដូចយ៉ាងច្បាប់ល្បើកថ្មីរបស់លោកតាក្រមង៉ុយត្រង់វគ្គទី២៥ បានលើកឡើងថា
«ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំឆ្មើងហួសមាឌ
ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី យកឧបេក្ខា។» នេះលោកចង់ផ្ដាំថា
ជនជាតិខ្មែរកុំតាំងខ្លួនធ្វើជាបារាំង វាមិនដូចទេ
គួរគិតដល់ជាតិខ្លួនផងទើបប្រសើរ។
សរុបសេចក្ដីមក
គ្រប់កិច្ចការទាំងឡាយមិនមែនចេះតែធ្វើនោះទេ
គឺត្រូវគិតដែនសមត្ថភាពរបស់ខ្លួន ឬលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន
នោះទើបនាំសេចក្ដីខុសដល់ខ្លួន តែចេះតែធ្វើតាមគេទាំងងងើលនោះ
ប្រាកដជានាំតែទុក្ខទោសជាក់ជាមិនខាន។
យោងតាមការបកស្រាយខាងលើនេះ
គេអាចវាយតម្លៃបានថា
ទស្សនៈប្រធាននេះពិតជាបានអប់រំមនុស្សទាំងឡាយឲ្យចេះពិចារណា
និងធ្វើអ្វីៗទៅតាមដែលខ្លួនអាចទៅរួច។ ក្នុងនាមជាយុវជន យុវតី
ដែលជាទំពាំងស្នងឫស្សី គួរគប្បីចៀសវាងឲ្យឆ្ងាយនូវសម្ភារនិយមតាមពួកអ្នកមាន
ហើយងាកមកសិក្សាវិញដើម្បីបង្កើនវិជ្ជា
និងអាចមានការងារច្បាស់លាស់សម្រាប់បម្រើឧត្ដមគតិរបស់ខ្លួនទៅថ្ងៃអនាគត។
ថ្ងៃព្រហស្បតិ៍
ទី១៥ កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមមើលវីដេអូបន្ថែម
សូមយកឯកសារជា PDF ត្រង់នេះ
No comments:
Post a Comment