ន័យអត្ថានុរូប (ន័យចំ)
|
«ខឹង» ធ្វើឲ្យមនុស្សគិតខុស «ខឹង» ធ្វើឲ្យបាត់បង់អ្វីៗដែលនៅជុំវិញខ្លួន «ខឹង» មិនចំណេញអ្វីមកវិញឡើយ គឺមានតែគំនុំ និងសេចក្ដីសោកស្ដាយប៉ុណ្ណោះ។ តាមរយៈសុភាសិតទាំងមូលចង់អប់រំថា មនុស្សគ្រប់គ្នាគួរគប្បី តាំងចិត្តឲ្យស្ថិតនៅក្នុងទីស្ងប់ ចេះរំងាប់សេចក្ដីក្រោធ មិនសម្រេចចិត្តពេលមានកំហឹងឡើយ គួរចេះអត់ឱន អធ្យាស្រ័យ មិនយកកំហឹងទល់កំហល់ បើមិនដូច្នោះទេ នឹងគ្មានសេចក្ដីសុខឡើយ។
|
សេចក្ដីអធិប្បាយ
កំហឹងរមែងនាំមកនូវសេចក្ដីវិនាស បន្សល់វិប្បដិសារី ហើយមិនទទួលបានផលចំណេញអ្វីឡើយ គ្រប់កិច្ចការទាំងឡាយ ទាល់តែតាំងចិត្តឲ្យធ្ងន់ នឹងន ទើបអាចសម្រេចលទ្ធផលបាន។ ដើម្បីជាក្រៀនប្រៀនប្រដៅបន្ថែម ទើបមានសុភាសិតមួយក្រើនរំឭកថា «ខឹងខុស ខឹងខូច ខឹងខាត»
តើទស្សនៈប្រធាននេះបានបង្រៀនអ្វីខ្លះចំពោះកុលបុត្រកុលធីតាខ្មែរ?
ដើម្បីឲ្យការស្រាយបំភ្លឺកាន់តែពិស្ដារនោះ គួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិន ដូចជា «ខឹង» ជាអារម្មណ៍ពុះកញ្ជ្រោល មិននឹងន ចិត្តស្រាល ចំណែកឯ «ខុស» គឺអ្វីដែលមិនត្រូវ រីឯ «ខូច» បានន័យថា ដែលមិនអាចប្រើការបាន មិនអាចដំណើរការបាន មួយវិញទៀត «ខាត» សំដៅដល់អ្វីដែលបាត់បង់ មិនចំណេញ។ ជារួមមក ភាពឆេវឆាវ ពុំផ្ដល់សេចក្ដីសុខដល់មនុស្សឡើយ គឺមានតែបាត់បង់ប៉ុណ្ណោះ។
បុគ្គលទាំងឡាយណាដែលខ្វះពិចារណា ចិត្តមិនធ្ងន់ សម្រេចចិត្តភ្លាមៗគ្រាដែលកំពុងមានកំហឹង រមែងបាត់បង់នូវផលប្រយោជន៍ និងអ្វីៗដែលនៅជុំវិញខ្លួន។ តួយ៉ាងដូចក្នុងអក្សរសិល្ប៍ប្រជាប្រិយ រឿងបុរសចិញ្ចឹមស្កា ចៅមាណពតែងទុកកូនឲ្យស្កាមើលជារៀងរាល់ថ្ងៃ ប៉ុន្តែក្រោយមួយបន្ទាប់ពីមកពីធ្វើការរួច ក៏ឃើញឈាមក្រហមឆ្អៅឆ្អិនស្រក់ចេញពីអង្រឹងកូន ហើយគួបផ្សំជាមួយនឹងឈាមជាប់នឹងមាត់ស្កាផង ក៏ធ្វើឲ្យបុរសស្ទុះទៅយកដំបងទៅវាយស្កានោះរហូតដល់ទទួលសេចក្ដីមរណៈ។ ក្រោយមកទើបដឹងថា នោះមិនមែនជាឈាមកូនឡើយ គឺជាឈាមពស់ ដែលស្កាខាំ។ ទីបំផុត មាណពនោះមានតែការសោកស្ដាយប៉ុណ្ណោះ ព្រោះអ្វីៗបាត់បង់ទៅហើយ មិនអាចវិលត្រឡប់ដូចដើមឡើយ។ មួយវិញទៀត នៅក្នុងរឿងបុរសរវៃអំបោះ ក៏យ៉ាងដូច្នោះដែរ ថ្ងៃមួយកំពុងតែរវៃ សម្រាប់តែអំពោះវាជាប់ ទោះទាញយ៉ាងណាក៏មិនទៅ ខឹងខ្លាំងពេក ក៏យកដៃទៅវាយប្រដាប់រវៃនោះឡើងខ្ទេច ចំណែកឯដៃរបស់ខ្លួនក៏ស្រក់ឈាមតក់ៗទៀត។ នេះសរបញ្ជាក់ឲ្យឃើញ កំហឹងមិនអាចដោះស្រាយអ្វីបានឡើយ បើបុរសនោះចេះគិតបន្តិច ម្ល៉េះសមសុខសប្បាយជាក់ជាមិន តែនេះ ដៃក៏របួស របស់ក៏ខូច នាំតែការខាតបង់។ បន្ថែមពីលើនេះ តាមរយៈរឿងរាមកេរ្តិ៍ ក៏បានបង្ហាញឲ្យឃើញថា ក្រុងរាពណ៍ ច្រើនតែមានចិត្តមានះចង់ឈ្នះជានិច្ច ទោះបីជាពិភេកហោរាជាប្អូន ណែនាំយ៉ាងណាក៏មិនស្ដាប់ ហើយថែមទាំងដោះស្បែកវាយក្បាលប្អូនទៀត រហូតធ្វើឲ្យពិភេករត់ចេញពីនគរ ទៅចុះចូលជាមួយព្រះរាម ចំណែកនៅក្រុងខាសខិនបុរីវិញ ពាលី ហេតុតែខ្វះការពិចារណា ក៏ប្រកាន់ខឹងនឹងប្អូនគឺសុគ្រីព ទីបំផុតអ្នកទាំងពីរក៏ក្លាយទៅជាសត្រូវនឹងគ្នា ហើយមានម្នាក់ស្លាប់ មានម្នាក់រស់ រីឯអ្នកដែលទទួលផលចំណេញគឺព្រះរាមទៅវិញ។ នេះពិតណាស់ ភាពឆេវឆាវគឺចំណុចអវិជ្ជមានមួយដែលមនុស្សគ្រប់គ្នាមិនគួរយកតម្រាប់តាម។ ក្រៅពីនេះ កំហឹងមួយភ្លែតអាចធ្វើឲ្យខ្លួនត្រូវស្លាប់បាន ជាក់ស្ដែងនៅក្នុងរឿងទុំទាវ របស់ព្រះភិក្ខុសោម បានលាតត្រដាងឲ្យឃើញថា នៅពេលដែលទុំទៅយកនាងទាវនៅឯត្បូងឃ្មុំ ទុំពុំបានបង្ហាញរាជសារទេ តែទុំបែរជាផឹកស្រា និងផ្គើនបក្សពួកអរជួនតាមអារម្មណ៍ខ្លួនទៅវិញ ទីបំផុត ក៏ត្រូវស្លាប់ក្រោមដៃអំណាចស្ដេចត្រាញ់នេះ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនាងទាវ និងនោ ក៏ត្រូវស្លាប់តាមដែរ។ ទង្វើដូចទុំនេះ មិនគួរឲ្យយកតម្រាប់តាមនោះឡើយ ដោយហេតុថា វាជាសកម្មភាពប្រកបដោយភាពឆោតល្ងង់បំផុត ទុំគួរណាស់តែបង្ហាញរាជសារជាមុនសិន ទើបហៅថាជាដំណោះស្រាយដ៏វៃឆ្លាត។ ផ្ទុយទៅវិញ បុគ្គលទាំងឡាយណាដែលមិនឆេវឆាវ ចិត្តធ្ងន់រមែងទទួលបាននូវផលសម្រេចគ្រប់ប្រការ ដូចយ៉ាង តួអង្គចៅចិត្ត នៅក្នុងរឿងកុលាបប៉ៃលិន យ៉ាងដូច្នេះដែរ ដែលរូបគេខិតខំធ្វើការយ៉ាងសស្រាក់សស្រាំបំផុត ទោះបីជានាងឃុន នារី ស្ដីបន្ទោសយ៉ាងណា ក៏ចៅចិត្រមិនតបតទៅវិញដែរ ចុងក្រោយចៅចិត្រក៏ក្លាយជាមនុស្សជាទីពេញចិត្តរបស់នាង អាចផ្ញើវាសនាលើរូបគេបាន។ មួយវិញទៀត នៅក្នុងរឿង តេជោយ៉ត របស់លោក ទី ជីហួត ក៏បានបង្ហាញឲ្យឃើញផងដែរថា ថ្វីត្បិតតែជំទាវស្រែនជានារីពិតមែន ក៏មិនលង់ក្នុងកំហឹងឡើយ ចេះប្រើល្បិច «ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» រហូតទាល់តែអាចបង្ក្រាបស្ដេចសំរែប្រកបដោយភាពជោគជ័យ។ ជាពិសេសទៅទៀត លោកតាក្រមង៉ុយ ក៏បានប្រៀនប្រដៅផងដែរ ជាក់ស្ដែងនៅក្នុងច្បាប់ល្បើកថ្មី ត្រង់វគ្គទី១៤២ លើកឡើងថា «រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់ ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ ឲ្យប្រឹងខំអត់ គេជេរគេហត់ គេស្បថលែងខឹង» បានន័យថា គួរយកធម៌មកដាក់ខ្លួន ហើយអត់ធ្មត់បំផុត មិនតបតចំពោះមនុស្សឆេវឆាវឡើយ នោះទើបអាចស្វែងរកសុភមង្គលបាន។
ជារួមមក ការតាំងចិត្តក្នុងផ្លូវធម៌រមែងទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយអាចសម្រេចកិច្ចការទាំងឡាយប្រកបដោយភាពជោគជ័យ ចំណែកបុគ្គលដែលប្រកាន់នូវភាពរឹងរូស ឆេវឆាវ នោះមិនបានទទួលផលល្អឡើយ គឺមានតែសេចក្ដីវិនាសប៉ុណ្ណោះ។
យោងតាមរយៈការបកស្រាយខាងលើ គេអាចវាយតម្លៃបានថា សុភាសិតនេះពិតជាផ្ដល់នូវតម្លៃអប់រំដ៏ខ្ពង់ខ្ពស់ ក្នុងការក្រើនរំឭកឲ្យមនុស្សគ្រប់គ្នាគួរចេះរំងាប់អារម្មណ៍ ទើបអាចដោះស្រាយបញ្ហាបាន។ ក្នុងនាមជាសិក្សាក៏ដូចជាកុលបុត្រកុលធីតាខ្មែរ គួរគប្បីសិក្សាស្វែងយល់ឲ្យបានច្រើន ចេះយកធម៌មកដាក់ខ្លួន និងរៀនធ្វើចិត្តឲ្យធ្ងន់ ទើបសមជាធនធានមនុស្សសម្រាប់សង្គមបាន។
សូមមើលវីដេអូបន្ថែម
ថ្ងៃពុធ ទី០៩ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក
ព.ស.២៥៦២
សៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
ហត្ថលេខា
រស់ វាសនា
|
No comments:
Post a Comment