ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ
ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់
ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។
ប្រាសាទតាសោម ត្រូវបានគេបំផ្លាញដោយចេតនាក្នុងរវាងស.វទី១៥ឬ១៦
ដែលធ្វើឱ្យប្រាសាទនេះស្ថិតក្នុងសភាពបែកបាក់និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។
នៅឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរាបានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ
ហើយបានបញ្ចប់គម្រោងឱ្យរួចរាល់ជាស្ថាពរនៅឆ្នាំ២០១២។
កិច្ចការដែលអង្គការមូលនិធិប្រាសាទពិភពលោកបានធ្វើនៅប្រាសាទតាសោម
គឺបានរៀបចំឯកសារទាក់ទងនឹងប្រាសាទ ពង្រឹងរចនាសម្ពន្ធសំណង់ដែលបាក់បែក ខូចខាត
និងត្រង់ផ្នែកដែលរលំធ្លាក់ឱ្យរឹងមាំល្អ
ព្រមទាំងរៀបចំសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ
ក៏ដូចជាពន្យល់រៀបរាប់បង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងប្រាសាទតាសោមផងដែរ។
បន្ថែមពីនោះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញចូល រោងទង និងទីធ្លាជុំវិញប្រាសាទឱ្យស្អាត
ដើម្បីសម្រួលដល់ការឆ្លងកាត់ពីលិចទៅកើត។ ពិសេសគឺខ្លោងទ្វារខាងលិចនិងខាងកើត
ក៏ត្រូវបានធ្វើការជួសជុលនិងពង្រឹងឡើងវិញឱ្យមាំទាំនិងធានាបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរពេលឆ្លងកាត់។
បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ
ក៏កម្រទេសចររំលងណាស់ ព្រោះប្រាសាទនេះមានក្បាច់រចនាល្អរស់រវើក
មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនា
និងទៅលេងកម្សាន្ត។
No comments:
Post a Comment