Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 6, 2012

រួសរាន់

(បទ​​ពាក្យ​ប្រាំ​ពីរ​)




ព្រឹក​ព្រៀង​រៀង​រះ​ច្បាស់​មេឃា​

ពី​ទិស​បូព៌ា​ចែង​រស្មី​

បំភ្លឺ​សត្វ​លោក​លើ​ផែន​ដី​

ឲ្យ​បាន​យល់​ន័យ​ខ្លឹម​ជីវិត​។

សព្វ​សត្វ​ទាំង​ពួង​ចរ​យាត្រា​

ទាំង​មេឃ​ព្រឹក្សា​គង្គា​ពិត​

ស្វះ​ស្វែង​សាមគ្គី​រួម​គំនិត​

ប្រពៃ​វិចិត្រ​គួរ​សរសើរ​។

ស្រមោច​ស្រឡាញ់​កិច្ច​ការងារ​

រក​ស្បៀង​គ្រប់​គ្នា​ជញ្ជូន​ដើរ​

ប្រឹង​ព្រួត​ពួត​ដៃ​រួម​ដំណើរ​

មាស​ពេជ្រ​មិន​ស្មើ​ចិត្ត​តស៊ូ​។

តក់​ៗ​ តក់​ៗ​ ពេញ​បំពង់​

តិច​ៗ​ វា​គង់​តែ​ហៀ​ហូរ

បើ​យូរ​ពន់​ពេក​គួរ​កុំ​ថ្ងូរ​

កុំ​ទាន់​រអ៊ូ​ក្រែង​ខាត​បង់​។

ទឹក​ឃ្មុំ​ផ្អែម​ឆ្ងាញ់​ព្រោះ​លម្អង​

ទឹក​ដម​ផ្កា​ផង​ឃ្មុំ​ស្រូប​ស្រង់​

ស្រេច​ស្រុះ​សស្រាក់​មិន​បង្អង់​

ប្រែ​ប្រាណ​តម្រង់​ផ្ដុំ​ទុក​ដាក់​។

ដំបូក​កណ្ដៀរ​មួយ​គំនរ​

ពូន​ជា​តំណ​ត​បណ្ដាក់​

បណ្ដើរ​មួយ​ៗ​ជួយ​ស្មោះ​ស្ម័គ្រ

ដំណើរ​ឥត​អាក់​គ្មាន​ថ្ងៃ​យប់​។

ទឹក​មួយ​តំណក់​តក់​បន្ត​

គង់​ទម្លុះ​ថ្ម​ឲ្យ​រលប់​

រលំរលាយ​ឥត​ឈរ​ឈប់​

ប្រហោង​សាយ​សព្វ​គ្រប់​សិលា​។

មុន​ភ្លៀង​ផ្ទៃ​មេឃ​ប្រែ​អួអាប់​

ក្រោយ​រាំង​ត្រឡប់​ជា​ស្រស់​ថ្លា​

សង្គ្រោះ​ជីវិត​គ្រប់​សត្វា​

បំភ្លឺ​សង្ខារ​ដើរ​ផ្លូវ​ត្រូវ​។

ដូច​នេះ​រូប​យើង​បុត្រ​ខេមរា​

ស្វះស្វែង​សិក្សា​ស្ដារ​តម្រូវ

តម្រែតម្រង់​ប្រុង​តទៅ​

កុំ​គេង​ចាំ​នៅ​អវិជ្ជា​។
 
ប្រឹង​ប្រែង​ប្រព្រឹត្ត​គិត​ផ្លូវ​ល្អ​

សីលធម៌​បវរ​ទ្រព្យ​សោភា​

កាន់​ប៊ិច​សៀវភៅ​ស្រូប​វិជ្ជា​

រួស​រាន់​គ្រប់​គ្នា​ស្រោច​ស្រង់​ជាតិ​។

រាជធានី​ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០១២

No comments: