- បទកាកគតិ
- តំណក់ទឹកភ្លៀង ពីរោះសូរសៀង វាយោថ្ងួចថ្ងូរ
- តំណក់ទឹកភ្លៀង សំនៀងទឹកហូរ ដួងចិត្តអាសូរ
- សង្វេគពេកក្រៃ។
- ភ្លៀងស្រក់តក់ៗ ក្លាយជាដំណក់ ដក់ពាសលើដី
- នឹកកាលកុមារ យាត្រារាល់ថ្ងៃ មើលព្រឹក្សមើលព្រៃ
- ស្រណោះម្លេះណា។
- កាលនៅវ័យក្មេង ធ្លាប់លោតប្រលែង ប្រឡូកអាត្មា
- ហក់ចូលប្រឡាយ រូបកាយស្រស់ថ្លា នឹកឃើញកាលណា
- រលឹកកន្លង។
- ក្អាត់ក្អុកជាមិត្ត កណ្តូបចង្រិត កង្កែបហ៊ីងហង
- គីង្គក់សប្បាយ ប្រឡាយនោះផង គ្មានទុក្ខសៅហ្មង
- ចងចិត្តស្នេហា។
- ស្រណោះទឹកភ្លៀង ហាក់ដូចចម្រៀង បំពេរសង្ខារ
- រលឹមទឹកស្រក់ ជោគដក់ចិន្តា នាំទឹកនេត្រា
- ក្លាយជាសាគរ។
- តណក់ទឹកភ្នែក ជួយយំខំជ្រែក ប្រឹងស្រែកបន្ទរ
- ជួយយំអាណិត ជួយគិតសាទរ ជួយស្រែកជូនពរ
- ដល់សង្ខារា។
- ទឹកភ្លៀងស្រក់មក នាំចិត្តនឹកភ្នក ដក់ចិត្តស្នេហា
- ដល់ស្រុកកំណើត ធ្លាប់ផ្ងើកាយា ភ្លៀងធ្លាក់កាណា
- ដួងចិត្តស្រណោះ។
- និពន្ធនៅភ្នំពេញ ថ្ងៃ ចន្ទ ទី ១៦ ខែ សីហា ឆ្នាំ ២០១០
Wednesday, August 24, 2011
តំណក់ទឹកភ្លៀង

Subscribe to:
Post Comments (Atom)
No comments:
Post a Comment