ផុស្សតីស្រីសួគ៌ចាប់កំណើត ទសពរឆើតកើតជាមនុស្ស
គូស្រីសញ្ជ័យព្រះទ័យមោះ មុតមាំចិត្តស្មោះនឹងប្រជា។
មានបុត្រមួយអង្គវេស្សន្ដរ ដាក់ទានសាងល្អមិននឹកនា
ដំរីបញ្ច័យនាគេន្ទ្រជា គជសារជាគ្នាសមនឹងទ្រង់។
មានព្រាហ្មណ៍មកពីកលិង្គរាស្ត្រ តម្រង់មិនចៀសរកព្រះអង្គ
កើតគ្រោះទុរភឹក្សពេកកន្លង ប្រាថ្នសុំប៉ងដំរីថ្លៃ។
ទ្រង់ព្រះប្រទានដោយប្រណី រាស្ត្រខ្លួនប្រុសស្រីក្រោធពេកក្រៃ
តវ៉ាបណ្ដេញវេស្សន្ដរប៉ៃ ទ្រង់ដឹងខៅចៃនិរទេសកាយ។
មទ្រីជាលី និងក្រស្ណា ត្រាច់ចរយាត្រាឥតសោកស្ដាយ
រាជរថលម្អទ្រង់ឆោមឆាយ ស៊ូលំបាកកាយដាក់ជាទាន។
យាងដោយបាទាចូលក្នុងព្រៃ តាំងសីលលកលៃទ្រាំស្រេកឃ្លាន
សាងធម៌សាងអាថ៌បារមីទាន គ្មានចិត្តបំពានជាន់គេឯង។
ថ្លែងពីជូជកឈ្លក់នឹងស្មូម កំណាញ់ដើរសុំគេឥតក្រែង
ខ្នងកោងស្បែកជ្រួញឫកខែងរែង ទ្រព្យច្រើនខ្លាចក្រែងចោរចាប់ប្លន់។
ក៏យកទៅផ្ញើទុកនឹងក្លើ មិត្តនោះវក់ភ្លើចាយពេកពន់
ជំពាក់ជូជកនោះលើសលន់ អមិត្រធីតាតូចតន់សងជំនួស។
នាងនោះនៅក្មេងតែងចិត្តច្រើន ចង់បម្រើកើនសោយសុខហួស
ឲ្យរកប្រាវព្រាវធ្វើជំនួស ជូជកប្ដីនោះដឹងហេតុការណ៍។
ព្រះវេស្សន្ដរថ្វាយបុត្រទ្វេ ជូជកចាស់ជ្រេនាំកាយា
វាយតប់តាមផ្លូវតាមហិង្សា ឪពុកឯណាថាមិនយំ។
រីនាងមទ្រីបាត់កូនឈឹង សោះសូន្យដំណឹងទួញក្រៀមក្រំ
សន្លប់ស្ងប់ចិត្តដ្បិតទុក្ខធំ ឱណាកូនខ្ញុំព្រាត់ទៅណា។
ថ្លែងពីឥន្ទ្រព្រាហ្មណ៍ហ៊ានសាកចិត្ត សុំប្រពន្ធពិតយកប្រើការ
ព្រះវេស្សន្ដរចិត្តជ្រះថ្លា សម្រេចប្រាថ្នាដល់ព្រាហ្មណ៍នោះ។
ក្រោយមកព្រាហ្មណ៍នោះជាព្រះឥន្ទ្រ ក្រែកាយឆ្អៅឆ្អិនរូបពិតស្មោះ
ប្រគល់មទ្រីឲ្យទ្រង់ចុះ វេស្សន្ដរស្មគ្រស្មោះនឹងសីលទាន។
រីឯជូជកវង្វេងផ្លូវ នាំបុត្រពាលពៅដល់វិមាន
ដីស្រីពិរាស្ត្រស្ដេចប្រទាន លោះឲ្យជាទានមាសចំណី។
ជូជកស៊ីជ្រុលហូសក្បាលពោះ ប៉ោងបែកលាន់ភូសខ្ទ័រព្រឹក្សព្រៃ
នេះហើយសាងកម្មឥតប្រណី ឯចៅនេះនៃប្រាប់អយ្យការ។
រាស្ត្រទ្រង់ទាំងមូលសុំយាងព្រះ វេស្សន្ដររួតរះចូលសីមា
សោយរាជ្យតបស្នងសងរដ្ឋា ទឹកដីថ្លៃថ្លាសុខកន្លង។
សន្មតថាចប់ត្រឹមប៉ុណ្ណេះ តិចតួចចំណេះតែងមានឆ្គង
ខ្ញុំរស់វាសនាសុំទោសផង សូមស្ម័គ្របំណងកែឡើងវិញ។
សៀមរាប ២៥ កញ្ញា ២០១៦
ដោយ
រស់ វាសនា
No comments:
Post a Comment