Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 14, 2019

រឿងរាមាយណ ភាគទី៩ ប្រែសម្រួលដោយ រស់ វាសនា

ភាគទី៩


            មារីឆៈទទួលតាមបញ្ជាទាំងភ័យខ្លាច។ គេសុខចិត្តស្លាប់ក្រោមដៃព្រះរាមៈប្រសើរជាងស្លាប់ក្រោមដៃរបស់រាវណៈ ដូច្នេះ គេក៏ព្រមតាមផែនការរបស់រាវណៈ។ ពេលទៅដល់ភ្នំបញ្ចវតិ មារិឆៈ ក៏ប្រែកាឡាខ្លួនជាប្រើសមាស ហើយលេចឡើងនៅពីមុខខ្ទមរបស់ព្រះរាមៈ។
            ព្រះនាងសិតាបានឃើញប្រើស និងបាននិយាយទៅកាន់ព្រះរាមៈថា «ព្រះអង្គ ទតឃើញប្រើសមាសនោះទេ ស្អាតណាស់! ខ្ញុំម្ចាស់មិនដែលឃើញសោះ។ សូមចាប់មកទុកឲ្យទូលបង្គំ។»
            លក្ស្មណៈនិយាយថា «ព្រះអង្គ កុំយាងទៅអី ទូលបង្គំមិនជឿថាវាជាប្រើសមែនទែនទេ។ ព្រះអង្គធ្លាប់ឃើញ ឬធ្លាប់ឮពីប្រើសមាសដែរឬទេ? ប្រាកដជាមានបញ្ហាហើយ កុំយាងទៅអី។»
  ប៉ុន្តែព្រះរាមៈមិនអាចបដិសេធនឹងមហេសីបានឡើយ នេះក៏ដោយសារទ្រង់គិតថា ព្រះនាងលះបង់​សេចក្ដីសុខក្នុងរាជវាំងមកតាមព្រះអង្គ។
ព្រះនាងសិតាបានបានឃើញប្រើសមាសមួយដ៏ស្អាត នាងបានឲ្យព្រះរាមៈចេញទៅបរបាញ់

            ក្រោយពីផ្ដែផ្ដាំរួចហើយ ព្រះ​រាមៈក៏លើកធ្នូនិងព្រួញ រួចដេញតាមប្រើសមាស។ ប្រើសនោះរត់កាន់តែឆ្ងាយទៅៗរហូតទាល់តែព្រះរាមៈវង្វេងផ្លូវ។ ទ្រង់មិនដឹងថានៅកន្លែងណា​ឲ្យប្រាកដឡើយ។ ព្រះអង្គក៏សម្រេចព្រះទ័យបាញ់ប្រើសនោះតែម្ដង។ រំភេចនោះ​ ប្រើសក៏ក្លាយទៅជាមារិឆៈ ដែលដួលដេកនៅលើដី បន្ទាប់មកវាក៏ក្លែងជាសំឡេងរបស់ព្រះរាមៈ រួចស្រែកឡើថា «លក្ស្មណៈ ជួយផង បងរងរបួសហើយ ជួយផង!»។ បន្ទាប់មក មារិឆៈ ក៏ស្លាប់តែម្ដង។ទ្រង់មានបន្ទូលទៅកាន់លក្ស្មណៈថា «យើងទុកឲ្យឯងការពារព្រះនាង។ ទោះមានរឿងអីក៏ដោយ សូមឯងកុំទុកនាងឲ្យនៅម្នាក់ឯងឡើយ សង្ឃឹមលើឯងហើយ។»
            ព្រះរាមៈពិតជាបារម្ភជាខ្លាំង ថាតើប្រើសមាសនោះជានរណា? ហេតុអ្វីជានាំទ្រង់ឲ្យចេញឆ្ងាយ​ពីខ្ទមបែបនេះ? តើសិតាមានបញ្ហាឬអត់? ហើយទ្រង់ក៏រត់សំដៅទៅខ្ទមវិញ។
            ថ្លែងពីព្រះនាងសិតា និងលក្ស្មណៈវិញ ក៏បានស្ដាប់ឮ​សម្រែកអំបាញ់មិញដែរ។
            ព្រះនាងសិតានិយាយថា «លក្ស្មណៈ! ចូរទៅភ្លាម! ព្រះរាមៈទ្រង់មានគ្រោះថ្នាក់ហើយ។»
            ព្រះលក្ស្មណៈ​ប្រកែកមិនទៅ «ទូលបង្គំមិនជឿថា​ជាសំឡេងរបស់ព្រះអង្គឡើយ វា​គ្រាន់​តែជា​ល្បិច​ដែលចង់បញ្ឆោតទូលបង្គំឲ្យចេញពីព្រះនាងប៉ុណ្ណោះ។​ ទូលបង្គំ​នឹងមិន​ទៅ​ណា​ជាដាច់ខាត។ ព្រះរាមៈបាន​ដាក់​បញ្ជា​មិនឲ្យ​ទូល​ព្រះបង្គំ​ចាកចេញ​ជាដាច់ខាត។ ទូលបង្គំត្រូវ​តែគោរពតាម​ឲ្យខានតែបាន​។»
            ថ្លែងពីព្រះនាងសិតាក៏ទួញសោយសោក និងខឹងនឹង​ព្រះលក្ស្មណៈ​ជាខ្លាំង​ រួច​និយាយថា «បើមិនទៅទេ​ បង​នឹង​សម្លាប់ខ្លួន​ហើយ។»
            ព្រះលក្ស្មណៈ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ​។ សំឡេង​នោះដូចព្រះរាមៈ ប្រសិន​បើវា​ជសំឡេងពិត​មែន នោះ​លក្ស្មណៈ​នឹង​មាន​បញ្ហា​ធំជាក់ជាមិនខាន។ ទី​បំផុត ព្រះលក្ស្មណៈក៏ទាញ​ព្រួញយកមកគូសជុំវិញខ្ទមដែលមាននាងសិតានៅខាងក្នុង។
            គេបាននិយាយថា «សូម​ព្រះនាងកុំយាងចេញក្រៅគំនូសនេះ​ឲ្យសោះ វាមិនធ្វើឲ្យព្រះនាងមាន​គ្រោះថ្នាក់ឡើយ។ សូមប្រយ័ត្ន​ណា ហើយចងចាំនូវ​រាល់ការណែនាំរបស់ទូល​ព្រះបង្គំ។
សំណួរ

១.តើមារិឆៈធ្វើដូចម្ដេចដើម្បីបញ្ឆោតព្រះរាមៈឲ្យចេញពីខ្ទម?
២.តើព្រះលក្ស្មណៈនិយាយដូចម្ដេចនៅពេលបានឃើញប្រើសមាស​?
៣.តើមារិឆៈបានស្រែកយ៉ាងដូចម្ដេចមុននឹងស្លាប់?
៤.តើព្រះនាងសិតានិយាយដូចម្ដេច នៅពេលព្រះលក្ស្មណៈមិនព្រមចេញទៅជួយរាមៈ?
៥.តើព្រះលក្ស្មណៈបាននិយាយនិងធ្វើអ្វីខ្លះចំពោះព្រះនាងសិតា មុននឹងចេញទៅរកព្រះរាមៈ?
សូមមើលវីដេអូបន្ថែម
 

No comments: