ប្រធានបទទី២០ សុភាសិតមួយបានពោលថា «ធ្វើអ្វី ធ្វើឲ្យហើយ កុំនៅឡើយបង្កើតកេរ្តិ៍» ចូរស្រាយបញ្ជាក់។
ន័យអត្ថានុរូប (ន័យចំ)
|
បុគ្គលទាំងឡាយគួរគប្បីធ្វើអ្វីមួយឲ្យបានចប់ចុងចប់ដើម មិនគួរធ្វើនេះបន្តិច ធ្វើនោះបន្តិច ដូចបុរាណលោកតែងពោលថា «ធ្វើនេះ ធ្វើនោះ មិនឆ្ពោះត្រង់ណា» បានន័យថា គ្មានបានសម្រេចសាច់ការអ្វីទាំងអស់ ចុងក្រោយគឺនាំទុក្ខដាក់ខ្លួន ដែលត្រូវធ្វើកិច្ចការដដែលៗច្រើនដង នាំឲ្យខាតបង់ពេលវេលា។ ដូច្នេះហើយ សុភាសិតនេះចង់អប់រំថា ត្រូវធ្វើកិច្ចការមួយៗឲ្យបានសម្រេចសិន សឹមធ្វើកិច្ចការផ្សេងៗទៀត។
|
សេចក្ដីអធិប្បាយ
ជាការពិតណាស់ មនុស្សមួយចំនួនហេតុតែប្រចាំច្រណែនគ្នា ធ្វើការឲ្យរួចតែពីដៃ ឯអ្នកខ្លះទៀត ធ្វើនេះបន្តិច ធ្វើនោះបន្តិច សម្រេចសម្រួលទៅឥតបានការអ្វីទាំងអស់ ខាតទាំងពេល ខាតទាំងប្រយោជន៍។ ដោយសារមើលឃើញទង្វើអវិជ្ជមានទាំងនេះហើយ ទើបមានសុភាសិតមួយអប់រំថា «ធ្វើអ្វី ធ្វើឲ្យហើយ កុំនៅឡើយបង្កើតកេរ្តិ៍»។
ដើម្បីជាស្ពានឈានទៅដល់ការបកស្រាយ ជាដំបូងគួរយល់នូវពាក្យគន្លឹះជាមុនសិនដូចជា «ធ្វើ» «កេរ្តិ៍»និង «បង្កើត»។ ពាក្យថា «ធ្វើ» សំដៅដល់ទង្វើដែលបានស្ដែងឡើង រីឯ «កេរ្តិ៍» គឺអ្វីៗដែលបន្សល់ទុកឲ្យ ចំណែកឯ «បង្កើត» បានន័យថាធ្វើឲ្យកើត ឬនាំឲ្យកើតចេញជារូបរាង។ តាមរយៈសុភាសិតនេះ គេចង់មានន័យថា រាល់ពេលធ្វើអ្វីក៏ដោយ ត្រូវធ្វើឲ្យហើយសិន សឹមធ្វើកិច្ចការមួយទៀត នោះអាចស្វែងរកជោគជ័យក្នុងជីវិតបាន។
ក្នុងជីវភាពប្រចាំថ្ងៃ មានអ្នកខ្លះមិនច្បាស់អ្វីទាំងអស់ ព្រោះតែធ្វើនេះបន្តិច ធ្វើនោះបន្តិច មិនដឹងថាអ្វីដែលខ្លួនធ្វើនោះនឹងត្រូវចប់ពេលណានោះទេ។ ជាក់ស្ដែងណាស់ នៅក្នុងផ្ទះមួយ កូនចៅខ្លះលាងចានទុកឆ្នាំង លាងឆ្នាំង ទុកចាន មិនដែលធ្វើឲ្យហើយឡើយ ហើយតែងតែទុកនេះទុកនេះ ចាំព្រឹកចាំលាង ដល់ពេលកណ្ដុរវាឡើងកកូរពេញហ្នឹង បង្កើតជាមេរោគ ជួនអាចធ្លាក់ចានបែកអស់ក៏ថាបាន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅក្នុងរឿងចៅចាក់ស្មុគ ដែលមានជំនាញចាក់ស្មុគ ក៏ឡើងទៅលើចុងត្នោតដោយគិតថា ស្មុគមួយតម្លៃ ដប់ សេន ហើយមួយថ្ងៃត្រូវចាក់ឲ្យបានមួយពាន់ នឹងបានមួយរយរៀល ដើម្បីលោះខ្ញុំបម្រើ បើអ្នកបម្រើមិនស្ដាប់នឹងវាយ រហូតដល់លើកដៃលើកជើងផង ក៏ធ្លាក់ពីលើចុងត្នោត តែចេះតោងធាងត្នោតជាប់។ សកម្មភាពនេះបានបង្ហាញថា គ្រប់កិច្ចការទាំងឡាយមិនមែនចេះតែគិត ហើយមិនធ្វើនោះទេ ព្រោះវាមិនអាចនាំខ្លួនដល់ផលសម្រេច វានាំតែរឿងអត់ប្រយោជន៍ប៉ុណ្ណោះ។ មួយវិញទៀត គេសង្កេតឃើញថា មានមនុស្សជាច្រើនមានភាពជោគជ័យក្នុងការងារនិងជីវិតរបស់ខ្លួន ដោយហេតុថាគេច្បាស់លាស់ ជាពិសេស នៅក្នុងរឿងកុលាបប៉ៃលិន ដែលមានតួអង្គចៅចិត្រ គឺជានិមិត្តរូបនៃសេចក្ដីតស៊ូ ព្យាយាម ហ៊ានធ្វើការងារដោយមិនខ្លាចការនឿយហត់ ស៊ូទ្រាំក្រោមកម្ដៅថ្ងៃ មិនចេះច្រណែននិន្ទានឹងមិត្តជិតខាងឡើយ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជាគំរូដល់កម្មករផ្សេងៗទៀតផងដែរ។ ទីបំផុត ចៅចិត្រក៏ក្លាយជាមនុស្សជាទីទុកចិត្តរបស់លោក ហ្លួង រតនសម្បត្តិ និងក្លាយជាបុរសក្នុងបេះដូងរបស់នាងឃុន នារីផងដែរ។ មែនទែនទៅ អ្វីក៏ដោយ ទោះតូចតាចក្ដី ឲ្យតែមានការតាំងចិត្តខ្ពស់ ក៏គង់តែបានសម្រេចដូចយ៉ាងចៅចិត្រជាដើម។ បន្ថែមពីនេះ នៅក្នុងរឿងសូផាត តួអង្គណារិន ជាមនុស្សខ្ជីខ្ជានឹងការសិក្សា ធ្វើឲ្យការរៀនសូត្ររបស់គេទទួលបានលទ្ធផលមិនល្អ នេះអាចប្រហែលជាគេគិតតែលេង មិនធ្វើលំហាត់របស់គ្រូផងក៏មិនដឹង ចេះតែពន្យារពេល ថ្ងៃនេះថ្ងៃនោះ ដល់យូរទៅក៏ក្លាយទៅជាទម្លាប់ជាប់ខ្លួន ពិបាកនឹងកែ រហូតទាល់តែសូផាតចូលមកណែនាំឲ្យគេចេះប្រឹងប្រឹង ទើបក្រោយមក ណារិន ក្លាយជាសិស្សពូកែនិងល្អជាងមុនតែ ម្ដង។ មួយវិញទៀត នៅក្នុងរឿងរាមកេរ្តិ៍វិញ គេសង្កេតឃើញថា តួអង្គព្រះរាម មានគោលដៅមួយយ៉ាងច្បាស់លាស់ គឺដណ្ដើមនាងសីតាពីក្រុងរាពណ៍មកវិញ។ ព្រះរាមបានបញ្ចុះបញ្ចូលទ័ពស្វារបស់សុគ្រីព និងមហាជម្ពូរផងដែរ ដើម្បីរួមកម្លាំងគ្នាទៅរំដោះមហេសី ទីបំផុត ព្រះអង្គក៏ទទួលបានជោគជ័យមែន។ សកម្មភាពទាំងនេះមិនមែនចេះតែគិតលេងៗទេ គឺព្រះអង្គពិតជាធ្វើយ៉ាងសស្រាក់សស្រាំបំផុត។ ថ្លែងពីក្រុងរាពណ៍វិញ ធ្វើអ្វីមិនប្រាកដប្រជា គ្មានគោលដៅអ្វីឡើយ យកស្រីជាត្រីមុខទៅវិញ ហើយចេះតែបង្កើតបញ្ហាមួយទៅបញ្ហាមួយជាដរាប មិនព្រមដោះស្រាយសោះ ទីបំផុតក៏ពុំបានសមប្រកបឡើយ ក្រុងលង្ការទាំងមូលក៏ត្រូវរលាយតែម្ដង។
សរុបសេចក្ដីមក មនុស្សគ្រប់រូបត្រូវមានគោលដៅច្បាស់លាស់ ហើយអនុវត្តិកិច្ចការយ៉ាងម៉ត់ចត់បំផុត មិនមែនទុកការងារថ្ងៃនេះទៅធ្វើថ្ងៃស្អែកនោះទេ ដោយហេតុថាពេលវេលាមិនរង់ចាំនរណាម្នាក់ឡើយ ត្រូវប្រុងប្រយ័ត្នគ្រប់ភារកិច្ចទាំងអស់ ពេលណាដែលអាចធ្វើងបានត្រូវតែធ្វើ ដើម្បីកុំឲ្យការងារគរច្រើនពេក នោះទើបអាចសម្រេចជោគជ័យបាន តួយ៉ាង ដូច ព្រះរាម ចៅចិត្រ និងសូផាតជាដើម។
យោងតាមការបកស្រាយខាងលើ គេអាចវាយតម្លៃបានថា សុភាសិតខាងលើនេះពិតជាអាចផ្ដល់នូវតម្លៃអប់រំយ៉ាងទូលំទូលាយក្នុងការក្រើនរំឭកដល់កូនខ្មែរគ្រប់រូបឲ្យចេះប្រើប្រាស់ពេលវេលា និងសម្រេចកិច្ចការទាំងឡាយឲ្យបានទាន់ពេលវេលាមិនត្រូវយកលេសមកដាក់ខ្លួនឡើយ។ ក្នុងនាមជាសិស្សានុសិស្សគួរគប្បីធ្វើអ្វីមួយឲ្យច្បាស់លាស់ និងរៀនសូត្រតាមអ្វីដែលល្អ មិនត្រូវទុកកិច្ចការដែលនៅចំពោះមុខ ហើយងាកទៅធ្វើអ្វីផ្សេងឡើយ គួរសម្រេចមួយឲ្យចប់សិន សឹមធ្វើអ្វីផ្សេងៗទៀត។
ដោយ
រស់ វាសនា
ដោយ
រស់ វាសនា
សូមមើលវីដេអូបន្ថែម
No comments:
Post a Comment