Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, February 7, 2019

ប្រធានបទទី១១ សំណាបយោងដី ស្រីយោងប្រុស


ប្រធានបទទី១១ សុភាសិត​មួយ​ពោលថា «​សំណា​ប​យោងដី ស្រី​យោងប្រុស» ចូរពន្យល់​។

ន័យអត្ថានុរូប (ន័យចំ)

«សំណាប» ស្រូវដែលដុះក្នុងថ្នាល​សាប ដុះដល់​ការ​កំណត់​ ត្រូវ​ដក​​យក​ទៅ​ស្ទូង​ «សំណាប​យោងដី»​ កាល​ណា​សំណាប​ល្អ តែងតែ​យោងដី​ស្រែ​ឲ្យ​មាន​សន្ទូង​លូតលាស់​ល្អ បើ​សំណាប​អន់​ ទោះ​បី​ស្រែ​មាន​ជី​សន្ទូង​ក៏​តែងតែ​អន់។


ន័យអត្ថបដិរូប (ន័យធៀប)
«សំណាប​»​ ធៀប​ស្មើនឹង «ស្រី»​ ចំណែ​ក​ឯ «ដី​»​ ធៀបស្មើនឹង​ «​ប្រុស​»​។ តាម ​រយៈ​ការ​ប្រៀបធៀប​នេះ​បាន​បង្ហាញថា ប្រុស​ដែល​មាន​ប្រពន្ធ​ត្រឹមត្រូវ​ ទោះ​បី​ក្រី​ក្រ​ក៏ទ័លក្រ​ល្អ​មើល​ដែរ បើ​ប្រពន្ធ​អន់​ ទោះបី​ប្ដី​ប៉ិន​រក​ទ្រព្យធន​យ៉ាង​ណា​ ក៏​ពុំ​អាច​ឡើង​កាន់​ឋានៈ​ជាអ្នក​គ្រាន់បើ​បាន​ឡើយ​។

សេចក្ដីអធិប្បាយ
            ក្នុងសង្គម​គ្រួសារ​ខ្មែរ នារី​បាន​បើដើរ​តួនាទី​យ៉ាង​សកម្ម ជាមេផ្ទះ ជា​មើលថែរក្សា​កូន​​ និង​រៀប​ចំទុកដាក់​ទ្រព្យ​សម្បត្តិ​ជាដើម​ បើ​នារី​នោះ​ខ្ជះខ្ជាយ ខ្ជីខ្ជា គ្រួសារ​នោះ​ក៏​នៅតែ​ដុនដាប​ ចំណែក​ឯ​ប្ដី​ក៏​មិន​សូវមាន​រាសី​ប៉ុន្មាន​ដែរ​ តែបើប្រពន្ធ​ល្អវិញ​ គឺ​អាច​លើក​មុខមាត់​ប្ដី​គ្រាន់បើដែរ​។ ដូចយ៉ាងសុភាសិត​ខ្មែរ​មួយ​លើក​ឡើងថា «​សំណាប​យោងដី​ ស្រី​យោង​ប្រុស»។
            តើ​សុភាសិត​នេះ​បង្កប់​នូវ​ចំណុច​វិជ្ជមាន​អ្វី​ខ្លះ​ចំពោះ​អ្នក​សិក្សា?
            ដើម្បី​ជាយាន​ឈាន​ទៅដល់​ការ​បកស្រាយ​​ឲ្យ​កាន់តែ​ក្បោះក្បាយនោះ ជា​បឋម ​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​ជាមុន ដូចជា «សំណាប» «យោង»​ និង​ «ស្រី»​។ ពាក្យថា «សំណាប» មាន​ន័យថា ស្រូវ​ដែល​ដុះ​ក្នុងថ្នាល​ដោយ​សាប​ លុះដល់​កាល​កំណត់​ត្រូវ​ដក​យក​ទៅស្ទូង​ ចំណែកឯ «យោង» គឺ​នាំ​មុខ​ អន្ទង​ពី​មុខ​ រី​ឯ​ «ស្រី» ជា​ពាក្យ​សម្រាប់​នារីភេទ​។ តាមរយៈសុភាសិត​សិតនេះ «សំណាប​»​ ប្រៀបដូច​ជានារី ចំណែក​ «ដី​»​ ប្រដូច​ទៅ​នឹង​បុរស​ ការ​បើ​សំណាប​ល្អ អាច​លម្អដល់​ដី ហើយបើប្រពន្ធ​ល្អ​អាច​លម្អប្ដី​ផង​ដែរ គឺធ្វើ​ឲ្យប្ដី​មានមុខមាត់ឆាប់​ឡើង​បុណ្យសក្ដិ។
            នៅ​ក្នុង​សង្គម​ខ្មែរ ភាគច្រើន​ឲ្យតម្លៃ​ទៅ​លើស្ដ្រី​ ជាក់ស្ដែង​បឋមក្សត្រ​របស់​កម្ពុជា គឺព្រះនាង​លីវយី​ ដែល​ជាមេដឹកនាំ​ដ៏សំខាន់​។ នេះ​ជា​ភស្តុតាងមួយ​នៃ​របបមាតាធិបតេយ្យ។ ក្រៅ​ពី​របប​នយោបាយ​ នៅ​ក្នុងភាសា​ខ្មែរ ក៏​មាន​ប្រើ​ពាក្យ​ «មេ»​ នាំ​មុខ​ដែរ ដូចជា «មេស្រុក មេកន្ទ្រាញ មេបា មេឃុំ ។ល។» ចំណែក​នៅ​ក្នុង​ទស្សនវិជ្ជា​ក៏​មាន​ការ​លើក​ដំកើង​ស្ដ្រី​ដែរ​ជា «សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសារ​រុងរឿងដោយសារប្រពន្ធ​»​ «ស៊ូ​ស្លាប់បា កុំ​ឲ្យ​ស្លាប់​មេ លិច​ទូកកណ្ដាលទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ»​ ទាំង​នេះ​ហើយ​ដែល​គេ​ចាត់​ទុកនារី​ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​សង្គម​។ មួយវិញទៀត​ តាម​ទម្លាប់​របស់ខ្មែរ បុរស​ជាប្ដីក្រោយ​រៀបការហើយ ត្រូវទៅនៅ​ខាង​ស្រី ចំណែក​ឯ​លុយ​វិញ​ នារី​ជាអ្នក​កាន់​កាប់​ទាំងស្រុង​។ យ៉ាង​ណា​មិញ ប្រធានបទ​នេះ​ក៏​លើក​កម្ពស់​ស្ដ្រីដូច​គ្នាដែរ មែន​ហើយ​ គេ​សង្កេត​ឃើញថា មាន​គ្រួសារ​ខ្លះ ពេល​ប្ដីចេញទៅ​ធ្វើការ ប្រពន្ធ​មិន​បាន​ជួយ​សន្សំ​ទេ គិត​តែ​ចាយវាយ លេង​ល្បែង លេង​បៀរ យ៉ាង​សប្បាយ​ ដល់​ពេល​អស់លុយ ក៏​តាំង​ឈ្លោះ​ទាស់ទែង​កាប់​ចាក់​គ្នា ដូច​ឆ្កែឆ្មា គ្មាន​សុភមង្គល​។ នេះ​ក៏​ដោយ​សារ​ស្ដ្រី​មិន​យល់​ពី​តួនាទី​ និងតម្លៃ​របសខ្លួន​ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ និង​ប្ដី​របស់​ខ្លួន ហើយ​ជីវភាព​កាន់តែ​ដុនដាប​ទៅ​ៗ​។ មួយ​វិញ​ទៀត នៅក្នុងរឿង​មាយើង ចៅ​មាណព​ មាន​ប្រពន្ធ​ម្នាក់​ មានសម្រស់ស្រស់ស្អាត ឈ្មោះ​នាង​កញ្ជើ​ធ្លុះ ទោះ​ប្ដី​រក​ត្រី​យ៉ាង​ណា​ក៏​មិន​សល់​ ព្រោះ​តែ​កញ្ជើធ្លុះទៅហើយ មិនព្រម​យក​អី​មកចុក​ ថ្លែង​ពី​ប្រពន្ធ​សេដ្ឋី​ឃើញ​ដូច្នោះ​ ក៏​ស្រែក​ប្រាប់​។ សេដ្ឋីនោះ​ក៏​ដូរ​ប្រពន្ធ​ខ្លួន​ជាមួយ​ចៅមាណព ចុង​ក្រោយ នាង​កញ្ជើធ្លុះ​ក៏​បំផ្លាញទ្រព្យ​សម្បត្តិ​សេដ្ឋី​អស់​គ្មាន​សល់ ចំណែក​នាង​គ្រប់​លក្ខណ៍​ត្រូវទៅរស់​នៅ​ជាមួយ​ចៅមាណព តែដោយ​នាង​មាន​គំនិត​ចេះ​សន្សំ ប្រឹងប្រែងធ្វើ​ការ ក៏ធ្វើ​ឲ្យ​ចៅមាណព​កាន់តែ​ធូរធារ ហើយ​ក្លាយ​ជា​សេដ្ឋី​វិញ​ម្ដង។ នេះ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា ស្ដ្រី​ពិតជាដៃ​គូដ៏សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងការ​កសាង​គ្រួសារ​មួយ​។ បន្ថែម​ពី​នេះ​ នៅ​ក្នុងរឿង​តេជោយ៉ត​ គេ​សង្កេត​ឃើញ​នាង​ជំទាវ​ស្រែន​ មាន​ប្រាជ្ញា​ឈ្លាស​វៃ​ អាច​ជួយ​សម្រេច​កិច្ចការ​ធំជូន​ប្ដី​ ធ្វើ​ឲ្យប្ដី​មាន​មុខមាន​មាត់​នៅ​ក្នុងសង្គម​យ៉ាង​ពិត​ប្រាកដ​។ ផ្ទុយ​ទៅ​វិញ​ បើ​និយាយ​ពី​នាង​កាកី វិញ ដែល​ជា​ព្រះរាជ​និពន្ធ​របស់​ព្រះបាទ​អង្គ​ឌួង​វិញ​ រូប​នាង​កាក៏​ឈ្លក់វង្វេងនឹង​កាម​គុណ ដំបូង​ជាមួយ​ស្ដេច​ព្រហ្មទត្ត បន្ទាប់​ជាមួយស្ដេច​គ្រុឌ មួយ​ធ្លាក់​ដល់​គន្ធ័នម្ដង​។ ទីបំផុត ដោយ​គ្មាន​ប្រយោជន៍​អ្វី​ នាង​ក៏​ត្រូវ​បានស្ដេច​ព្រហ្មទត្ត​យក​បំបរបង់ចោល​ ដោយ​បណ្ដែត​តាម​ពោងពាយ ព្រោះ​នាង​កាកី​បានធ្វើ​ឲ្យ​បុរស​គ្រប់​គ្នា​អាប់ឱន​កិត្តិយស រួម​ទាំង​ព្រះ​មហាក្សត្រ​ទៀត​ផង។
            សរុប​មក នារី​បានជួយ​យោង​ឲ្យ​បុរស​កាន់​តែ​ខ្ពស់​ខ្ពស់​ប្រសើរ​ឡើង ទោះបី​នោះ​ក្រមែន តែ​ក៏​សម​ភ្នែក​ញាតិ​ដែរ​ តែ​បើ​នារី​មិន​ល្អ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​ប្ដី​និង​បុរស​នោះ​កាន់តែ​ក្រ​ ទោះបី​បុរស​នោះជាអ្នក​មាន​ក្ដី ក៏​គង់​តែ​មាន​ភាពអាប់​ឱន​ដែរ តួយ៉ាងដូចជា នាង​កញ្ជើ​ធ្លុះ​ នាងកាកីជាដើម។
        ផ្អែក​តាម​រយៈការ​ស្រាយ​បំភ្លឺ​ខាង​លើ​ គេ​អាច​វាយតម្លៃបាន​ថា សុភាសិត​នេះ​ផ្ដល់​ពុទ្ធិ​ដ៏​សំខាន់​ឲ្យ​បុរស​គ្រប់​សម្លឹង​មើល​នារី​ក្នុងផ្លូវល្អ និងលើក​ដំកើង​ស្ដ្រី​ផងដែរ​។ ក្នុង​នាម​ជាកោសិកា​នៃ​សង្គម​ គួរ​គប្បី​រួម​ដៃ​គ្នា​បន្តកិច្ចការ​ទៅ​មុខ​ ព្រោះ​មិន​អាច​ខ្វះ​ស្ដ្រី​បាន​ឡើយ​ ពួកគេ​ជា​មាតាពិភពលោក ហើយបាន​រួម​ចំណែក​ផ្ដល់​សេចក្ដីសុខ​ជូន​សង្គម​ជាតិ​ផងដែរ។



                                                 ​​   ថ្ងៃពុធ ទី​០៩ រោច ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២
                                                  សៀមរាប ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៨
                                                   ហត្ថលេខា


                                                                                   រស់ វាសនា


សូមមើលវីដេអូបន្ថែម

សូមទាញយកឯកសារជា PDF

No comments: