Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 20, 2018

កាប់បំពង់រង់ចាំទឹកភ្លៀង


ន័យអត្ថានុរូប (ន័យចំ)

«កាប់បំពង់»​ គឺជាសកម្មភាព​ដែល​យក​ឧបករណ៍​ដូចជា កាំបិត​ ពូថៅ​ ទៅ​កាប់​ដើមឫស្សី ចំណែក​ឯ​ «រង់ចាំ»​ មាន​ន័យ​ថា ទន្ទឹង​ផ្លូវ​នរណាមួយ ដោយ​បុគ្គល​នោះឬ​អ្វី​មួយ​ដែល​មិន​ទាន់​បង្ហាញ​វត្តមាននៅឡើយ ហើយ «​ទឹក​ភ្លៀង» គឺ​ជាបាតុ​ភូតធម្មជាតិ ដែល​កើត​ឡើង​ដោយ​សារ​កំណក​ទឹក​នៅ​ក្នុង​លំហ​ប៉ះ​នឹង​ធាតុ​ត្រជាក់​ក៏​ក្លាយ​ទៅ​ជា​ទឹក​ភ្លៀង​មក​។ តាមរយៈ​ន័យ​ចំ គឺ​សំដៅទៅ​លើការ​យក​បំពង់​ ចាំ​ត្រងទឹក​ភ្លៀង ក្រែង​លោ​មាន​ភ្លៀង។


ន័យអត្ថបដិរូប (ន័យធៀប)
«កាប់បំពង់»​ សំដៅ​លើ​សកម្មភាព​មួយ​ដែល​មិន​ច្បាស់​លាស់ មិន​ដឹង​គោលដៅ​ ហើយ​ធ្វើ​ទៅ​តាម​ព្រេង​វាសនា គ្មាន​ជំនឿ​លើ​ខ្លួន​ឯង ចំណែកឯ «រង់ចាំ​ទឹក​ភ្លៀង»​ គឺ​នៅ​ស្ងៀម​មិន​ធ្វើ​ទៀត​ទេ ចាំ​ឲ្យ​លាភ​ចូល​មក​ដល់​ខ្លួន។ ដូច​សុភាសិត​ទាំង​មូល​មាន​ន័យ​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​គ្មាន​គោលដៅ​ ផែនការ​ គ្មាន​ចក្ខុវិស័យ នោះ​មិន​អាច​ទទួល​បាន​ផលដែល​គ្រោង​ទុក​នោះ​ឡើយ ទាល់​តែ​មាន​ការ​ប្រឹង​ប្រែង​ រក​ដោយ​វិធីសាស្ត្រណា​ដែល​​វ័យ​ឆ្លាត មិន​មែន​ចាំតែ​គេ​ផ្ដល់​ឲ្យ​គ្រប់​ពេល​នោះឡើយ។

សេចក្ដីអធិប្បាយ
            ជា​ការពិត​ណាស់​ ការ​សង្ឃឹម​ទៅ​លើ​អ្នកដទៃ​ច្រើន​ពេក​ ឬ​ចាំ​តែ​គេ​ពេក​ ប្រាកដ​ជា​មិនទទួល​បាន​ផល​ល្អ​ឡើយ​ ហើយ​ជីវិត​នឹង​ជួប​តែ​រឿង​ស៊យ​ និយាយ​រួម​គឺ​បរាជ័យ​តែ​ម្ដង​ ដោយ​ហេតុ​ថា មិន​គួរ​ទុក​ចិត្តនរណា​ក្រៅ​ពី​ខ្លួន​យើង​ឡើយ​។ ដោយ​មើល​ឃើញ​ទង្វើ​បែប​នេះ ទើប​បុរាណ​លោក​ហៅ​ពពួក​មនុស្ស​ទាំង​នោះ​ថា «កាប់​បំពង់​ រង់​ចាំ​ទឹក​ភ្លៀង»។
            តើ​សុភាសិត​នេះ​ចង់​និយាយ​អំពី​អ្វី?
            ដើម្បី​ជា​ស្ពាន​ចម្លង​ទៅដល់​ការ​បកស្រាយ​ឲ្យ​កាន់តែ​ក្បោះក្បាយ​នោះ ជាបឋម​ គួរ​គប្បី​ស្វែង​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន​ជាមុនសិន​ ដូចជា «បំពង់» «រង់ចាំ» និង​«ទឹកភ្លៀង»​ជាដើម​។ ពាក្យ​ថា «​បំពង់​»​ គឺ​ច្រើ​នតែ​ធ្វើ​ឡើង​ពី​ឫស្សី ហើយ​អាច​ស្ដុក​ទឹក​បាន​ល្មម​នឹង​ផឹក​បាន​ ចំណែក​ឯ «​រង់ចាំ»​ សម្គាល់​ទៅ​លើ​សកម្មភាព​ទន្ទឹង​ចាំ​អ្វី​មួយ​ដោយ​មិន​ដឹង​ថា​គេមក​ឬ​មិន​មក រី​ឯ «​ទឹកភ្លៀង​»​ បាន​ន័យ​ថា ជាអង្គធាតុ​រាវដែល​ធ្លាក់​ពី​លើ​លំហ​មក​។ តាម​  រយៈសុភាសិត​ខាង​លើ គេ​អាច​ពន្យល់​តា​មន័យ​ត្រង់​បាន​ថា កាល​ណា​យក​បំពង់​ទៅ​ត្រង​ទឹក​ភ្លៀង​ ​ប្រាកដ​ជា​ពិបាក​មិន​ខាន ព្រោះពេល​ខ្លះ​មិន​ប្រាកដថា​ភ្លៀង​ឡើយ នោះ​នាំ​ឲ្យ​បាត់​បង់​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ខាត​ពេល​វេលា​ជាក់ជាមិនខាន​ ចំណែក​ឯ​ន័យ​ធៀប​វិញ​ចង់​បង្ហាញ​ថា ក្នុង​នាម​ជា​មនុស្ស​មិន​គួរ​ផ្ដេក​ផ្ដួល​ទៅ​តាម​ព្រហ្មលិខិត​នោះ​ឡើយ គួរ​ចេះ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​មុន​នឹង​ធ្វើ​អ្វី​មួយ ទើប​អាច​ទទួល​បាន​ផល​សម្រេច​។
            ជាការពិត​ណាស់​ មាន​មនុស្ស​ខ្លះ​ពោរពេញ​ទៅ​ដោយ​ភាព​ល្ងង់​ខ្លៅ​ ខ្វះ​សេចក្ដី​ព្យាយាម​ ដោយ​គិត​ថា នឹង​មិន​បាច់ទៅណាទេ​ រង់​ចាំ​តែ​គេ​ផ្ដល់​ឲ្យ​ទៅ​ប្រាកដ​ជារស់​ជាក់​ជាមិន​ខាន ចំណែក​អ្នក​ខ្លះ​ទៀតត្រូវចាញ់​បោក​គេ​ ដោយ​គិត​ថា​អ្វី​ដែល​គេ​និយាយ​នោះ​គឺ​ជា​ការ​ពិត​ ក៏​ជឿ​ស្លុង​តែ​ម្ដង​ ទី​បំផុត ក៏ត្រូវ​ខាត​បង់​អស់​រលីង​។ ជាក់ស្ដែង ដូច​ករណី​ បោកប្រាស់​តាម​ទូរសព្ទ​ជាដើម មិនដែល​ធ្វើ​ស្អីផង សុខៗ​ស្រាប់​តែ​មាន​ភ្នាក់​ងារ​ទូរសព្ទ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តេ​មកប្រាប់​ថា ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ ដោយ​ភាព​ល្ងង់​ខ្លៅ ជន​នោះ​ក៏​ជឿតាម​ ហើយ​ចុង​ក្រោយ​ក៏ត្រូវ​ខាតបង់​។ ហេតុ​នេះ​ វាមិន​មែន​ជារឿងសំណាង​ឡើយ តែ​ជាបញ្ហា​ទៅវិញ​។ មួយ​វិញ​ គេ​អាច​​និយាយ​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែលមិន​សូវ​ខិតខំ​នឹង​ការងារ​ ចូល​ចិត្ត​ធ្វេស​ប្រហែស​ ហើយ​រង់ចាំ​ឲ្យ​តែ​គេ​ជួយ​គ្រប់​ពេល​  វេលានោះ ពិត​ណាស់ គ្មាន​នរណា​ចាំ​ជួយ​យើង​គ្រប់កាលៈទេសនោះ​ទេ​។ ផ្ទុយ​ទៅវិញ​ បុគ្គលគ្រប់​រូប​គួរ​រំលាយ​អវិជ្ជាចោល ហើយ​ចាប់​យក​ចំណេះវិជ្ជា​វិញ​ ទើប​ប្រសើរ​ ហើយ​ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​វិញ​។ តួយ៉ាង​នៅ​ក្នុង​រឿង​ព្រះអាទិត្យ​ថ្មីរះ​លើ​ផែនដី​ចាស់ សម​ មាន​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង​ ទម្រាំ​អាច​រក​លុយ​​សម្រាប់​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន​ប្រចាំ​ថ្ងៃ​បាន​ រក​ល្ងាច​ខ្វះ​ព្រឹក​ រក​ព្រឹក​ខ្វះ​ល្ងាច​ នេះ​ខំ​ផង នៅតែ​មិន​សល់​ ចុះ​ទម្រាំ​តែ​ខ្ជិល​ទៀត​មិន​ដឹង​ជា​ស្លាប់​ប៉ុន្មាន​ដង​នោះឡើយ។ បន្ថែម​ពីនេះ តាមរយៈរឿង​ទុំទាវ​ ព្រះបាទ​រាមា​ជើង​ព្រៃ​បាន​រើស​ស្នំប៉ះ​ចំនាងទាវ តែ​ដោយសេចក្ដីក្លាហាន​ និង​ការ​ពុះពារ​របស់​ទុំ​ ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ទើប​ព្រះអង្គ​ព្រម​រៀប​មង្គលការ​ឲ្យ​អ្នក​ទាំង​ពីរ​តាម​ផ្លូវ​ច្បាប់​។ មួយ​វិញ​ទៀត​ នៅ​ក្នុងរឿង​រាមកេរ្តិ៍ នៅ​ពេល​ដែលក្រុង​រាពណ៍​ចាប់​នាង​សីតា​យក​ទៅ​ក្រុងលង្កា​បាត់​ទៅ​ ព្រះ​រាម​នៅ​មិនសុខ​ឡើយ​ ទ្រង់​ខិត​ខំ​កែណ្ឌ​ទ័ព​យ៉ាង​ច្រើន​ ដើម្បី​ទៅ​ដណ្ដើម​យក​មហេសី​មក​វិញ​ សេចក្ដី​តស៊ូ​នេះក៏ធ្វើ​ឲ្យ​ព្រះ​អង្គ​អាច​សម្រេច​បំណង​ប្រាថ្នា​បាន​។ ក្រៅ​ពី​នេះ នៅក្នុង​រឿង​ កុលាបប៉ៃលិន​ របស់​លោក ញ៉ុក ថែម​ ក៏​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ចៅចិត្រ​ ថ្វីត្បិត​តែ​ក្រីក្រ​ តែរូប​គេ​មិន​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ស្ថានភាព​របស់​ខ្លួន​ឡើយ ប៉ុន្តែ​គេ​មាន​សេចក្ដីភ្ញាក់រឭក​ជានិច្ច​ ទីបំផុត​ ក៏​ទទួល​បាន​ផ្លែផ្កា​គួរជាទីគាប់​ចិត្ត​។ សរុប​មក​ បុគ្គល​ទាំងឡាយ​ណា​ ដែល​មិន​ក្រោក​ឈរ​ មិន​តស៊ូ មិន​ខំ​ពិចារណាស្វែង​រក​មធ្យោបាយ​សម្រាប់​ជីវិត​នោះ​ទេ ជននោះ​នឹង​ជួប​តែ​រឿង​អាក្រក់​ ងាយ​នឹង​រងគ្រោះ​ ឬ​អាច​មាន​បញ្ហា​ដល់​ខ្លួន​ឯង​និង​គ្រួសារ​ទៀត​ផង។ ផ្ទុយ​ទៅវិញ​ បើ​ជន​នោះចេះ​ដឹង​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន នោះ​គេ​នឹង​អាច​ស្វែងរក​នូវ​សុភមង្គល​ក្នុង​ជីវិត​បាន​។​

ថ្ងៃពុធ ទី​១០កើត ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨
ហត្ថលេខា


                       រស់ វាសនា

            យោង​តាម​ការ​បកស្រាយ​ខាង​លើ គេ​អាច​វាយ​តម្លៃ​បាន​ថា សុភាសិត​ខាង​លើ​បាន​អប់រំ​ឲ្យ​មនុស្ស​គ្រប់​រូប​យល់​ដឹង​អំពី​តម្លៃ​នៃ​សេចក្ដី​ព្យាយាម​និង​ចំណេះវិជ្ជា ហើយ​បញ្ញាក់​ស្មារតី​ឲ្យ​ចេះ​ពិចារណា​ កុំ​លង់​ក្នុង​ឧបាយ​របស់​នរណាម្នាក់​​ឲ្យសោះ។ ក្នុង​នាម​ជា​កូន​ខ្មែរគួរគប្បី​មាន​សេចក្ដី​ភ្ញាក់​រឭក​ជាចម្បងដើម្បីរុញ​ច្រាន​ខ្លួ​​ន និង​ជាតិ​ឆ្ពោះ​ទៅកាន់ត្រើយ​នៃ​សេចក្ដ​រីកចម្រើន​។

No comments: